ឧត្ដមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួនជូនកងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៨០ ទិវាកំណើតនគរបាលជាតិកម្ពុជា និងបានគូសបញ្ជាក់អំពីការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិដ៏ទំនើប ដើម្បីបម្រើសកម្មភាពនានាក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងកាល:ទេស:ដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមជាមួយនោះក៏បានគូសបញ្ជាក់អំពីការប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិចាស់នៅពោធិ៍ចិនតុងដែលត្រូវទុកជាសម្បត្តិរដ្ឋ មិនមានការដោះដូរសម្រាប់វិស័យឯកជនណាមួយឡើយ ហើយទុកសម្រាប់បម្រើជាប្រយោជន៍របស់ប្រជាជនទូទៅ ពិសេសប្រជាជននៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមិនដូចពួកជនអគតិមួយចំនួន និងក្រុមប្រឆាំង បាន និងកំពុងបំផុសបំផុលខុសពីការពិត ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដូចជា យោធិនគ្រប់រូបត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា និងព្រះមហាក្សត្រ ដោយត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារបូរណភាពទឹកដី ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងការពារឱ្យបានរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹកដល់យោធិនគ្រប់រូប មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ត្រូវចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យដូចភ្លៀងរលឹម ដោយមិនត្រូវឱ្យមានការកើតឡើងវិញនូវបទល្មើសព្រៃឈើ និងបទល្មើសនេសាទជាថ្មីទៀតឡើយ និងត្រូវបន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





