រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យប្រជាពលរដ្ឋអធ្យាស្រ័យចំពោះការធ្វើចរាចរណ៍នៅតំបន់ជុំវិញមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងទិវាជាតិនៃការចងចាំ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងស្តីពីការប្រារព្ធទិវាជាតិនៃការចងចាំ នៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ២០ ឧសភា ឱ្យមានការយោគយល់អាធ្យាស្រ័យការធ្វើចរាចរណ៍នៅតំបន់នេះមួយថ្ងៃ។

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញថា នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រារព្ធទិវាជាតិនៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដើម្បីឱ្យការប្រារព្ធទិវាជាតិខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ននៅតំបន់ជុំវិញទីតាំងមជ្ឈមណ្ឌល ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើ ដោយយោគយល់អធ្យាស្រ័យ ព្រោះទីតាំងខាងលើនេះនឹងមានចរាចរណ៍មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ សួស សំរិត





