ឯកឧត្តម គង់ ច័ន្ទវាសនា នាំយកអំណោយកុំព្យូទ័រលើតុចែកជូនដល់រដ្ឋបាលស្រុក និងអង្គភាពជុំវិញរដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ បាននាំយកកុំព្យូទ័រលើតុចំនួន១២៨គ្រឿងដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងជាអំណោយរបស់ក្រុមការងារប្រគល់ជូនរដ្ឋបាលស្រុកព្រះនេត្រព្រះ និងអង្គភាពជុំវិញរដ្ឋបាលស្រុក រួមទាំងវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមត្តេយ្យនៅទូទាំងស្រុក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណ: ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងការប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាសាធារណៈល្អជាងគេ។

ក្នុងនាមក្រុមការងារ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលតែងផ្តល់ថវិកា និងសម្ភារជាបន្តបន្ទាប់តាមរយៈឯកឧត្តម ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យនានា និងនៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះនាពេលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តឱ្យអង្គភាពទាំងអស់ទុកដាក់ប្រើប្រាស់កុំព្យូទ័រទាំងនេះឱ្យបានសមស្រប ទៅតាមបរិបទថ្មី ឌីជីថល លឿនរហ័សទាន់ចិត្ត និងជឿទុកចិត្តក្នុងភារកិច្ចបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម)





