ឯកឧត្តម ប៊ូ ម៉ឺន អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រះជ័យវង្សាស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ប៊ូ ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយឃុំផាន់ញើម និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រះជ័យវង្សា ហៅ "វត្តព្រហ៊ូត" ស្ថិតនៅភូមិព្រហ៊ូត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍បញ្ជាក់ថា ស្រុកប្រាសាទបល្ល័ង្កមានវត្តចំនួន២៣ និងមានអាស្រមចំនួន០៣ ដែលមានព្រះសង្ឃគង់នៅចំនួន២២២អង្គ ក្នុងនោះភិក្ខុ៥៥អង្គ និងសាមណេ១៦៧អង្គ អាចារ្យ៨៦នាក់ គណៈកម្មការវត្ត២៣២នាក់យាយជី តាជី១២១នាក់។ សម្រាប់វត្តព្រះជ័យវង្សា "វត្តព្រហូត" ដែលបានធ្វើកម្មវិធីបុណ្យសម្ពោធសាលាឆាន់ និងសមិទ្ធផលនានា ក្នុងឱកាសនេះបានកកើតឡើងនៅក្នុងឆ្នាំ១៩០០ មានអាយុកាល១២៥ឆ្នាំមានផ្ទៃដីបណ្តោយ២៧១ម៉ែត្រ ទទឹង១០០ម៉ែត្រ និងមានចម្ងាយ២៥គីឡូម៉ែត្រ ពីទីរួមស្រុកប្រាសាទបល្ល័ង្ក។ សមិទ្ធផលថ្មីៗដែលបានកសាងឡើងជាបន្តបន្ទាប់មានដូចជា សាលាឆាន់០១ខ្នង កុដិ០១ខ្នង ខ្លោងទ្វារ និងព្រះវិហារ។ សម្រាប់សមិទ្ធផលដែលបានសម្ពោធឆ្លងនៅថ្ងៃនេះមានកុដិ០១ខ្នង ០២ជាន់ កម្ពស់១៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ទទឹង០៧ម៉ែត្រ ចាប់ដំណើរការកសាងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ទើបហើយរួចរាល់ជាស្ថាពរដោយចំណាយទឹកប្រាក់សរុប១១៥លានរៀល។ សាលាថ្ម០១ខ្នង មានបណ្តោយ២៨ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់១៤ម៉ែត្រ ផ្តើមកសាងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ រួចរាល់ជាស្ថាពរ ដោយចំណាយទឹកប្រាក់សរុបចំនួន៣០៥លាន ៣៦ម៉ឺនរៀល និងកុដិចំណាយថវិកាសាងសង់សរុបចំនួន៤២០លាន ៣៦ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក ព្រឹម រដ្ឋា បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងបានកោតសរសើរយ៉ាងជ្រាលជ្រៅថ្វាយប្រគេនចៅអធិការវត្តព្រះជ័យវង្សា លោកអាចារ្យ គណៈកម្មការវត្ត និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំនិងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង និងសូមឱ្យកុសលដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយបាននាំមកនូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់កាល និងគ្រប់វេលា។ ការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពគឺជាសក្ខីកម្មដ៏អស្ចារ្យ និងជាមោទនភាព របស់ប្រជាពលរដ្ឋរស់នៅស្រុកប្រាសាទបល្ល័ង្ក ក៏ដូចជាក្នុងខេត្តកំពង់ធំទាំងមូលផងដែរ។

លោកអភិបាលរងខេត្តបានក្រើនរំឭកដល់គណៈកម្មការអាចារ្យវត្តនិងគណៈសង្ឃត្រូវមានសាមគ្គីភាពផ្ទៃក្នុងធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានជំនឿទុកចិត្តទើបមានការចូលរួមអភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗបន្តទៀត។ ម្យ៉ាងទៀតការសាងបុណ្យក៏ត្រូវមើលលើកត្តាជីវភាពគ្រួសារផងដែរ ព្រោះថាការធ្វើបុណ្យដាក់ទានតិច ឬច្រើន អាស្រ័យទៅលើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ។

លោកបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានជាពិសេសគឺរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍និងបញ្ហាក្មេងទំនើងដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ដោយ ស៊ុម វណ្ណា





