សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមានឡើងសាជាថ្មី។

តាមរយៈ សារលិខិត ផ្ញើជូនជនរួមជាតិ ឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលអង្គភាពសារព័ត៌មាននានាទទួលបាន នៅព្រឹកថ្ងៃទី១៩ ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរម្លឹកថា ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេសជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និងសកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។
តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅបង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាពជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
សម្រាប់ឆ្នាំ២០២៥ នេះជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤ មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លងកាត់ឈាមនិងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហមបានបំផ្លិចបំផ្លាញចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារគ្រប់គ្រាន់ គ្មានការព្យាបាលត្រឹមត្រូវ។ល។
ទោះពេលនេះ រឿងរ៉ាវសោកនាដកម្មទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជាបាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវបណ្ដែតបណ្ដោយឬបំភ្លេចអតីតកាលដ៏ជូរចត់នេះឡើយ។ យើងត្រូវរំឭកនិងចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ផ្សព្វផ្សាយ និងរួមគ្នាបង្ការនិងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាម កុំឱ្យកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាដ៏បវររបស់យើង។
ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្ដេចធិបតី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកកម្ពុជា ដែលមិនត្រឹមតែជាបិតាសន្តិភាព ស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងបានបញ្ចប់កម្លាំងយោធានយោបាយ រចនាសម្ព័ន្ធខ្មែរក្រហមទាំងស្រុងប៉ុណ្ណោះនោះទេ គឺសម្ដេចតេជោ ក៏បានផ្តួចផ្តើមចរចានាំឱ្យមានការបង្កើតតុលាការជាតិដោយមានការចូលរួមពី អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីនាំយកការពិតនិងយុត្តិធម៌ជូនជនរងគ្រោះទាំងអស់នៃរបបនេះទៀតផង។
សូមរម្លឹកជូនថា ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។ «ទិវាជាតិនៃការចងចាំ»នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោមគម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និងលើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។
មូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត សហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។
គោលនយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទី២-មុនពេលឈានដល់ថ្ងៃជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយបង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើងប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង។ ប្រជាជនស្លូតត្រង់ប្រមាណជាង១,៧លានបានស្លាប់ក្នុងរបបខ្មែរក្រហម៕
ដោយ៖ គង់ សិរីរ័ត្ន





