ក្រុមវេជ្ជសាស្ត្រសម្តេចតេជោចុះពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃដល់កងទ័ពប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥-- លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ចំនួន២២៤៩នាក់។

លោកជំទាវ អគ្គនាយិកា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកា រទេះជនពិការ ឃីតសម្រាប់ចាស់ៗជរា និងកាតាប នំ សម្ភារសិក្សា សម្រាប់សិស្សានុសិស្ស កុមារា កុមារី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាត ជនពិការ ចាស់ជរា និងកុមារាកុមារី ដែលបានអញ្ជើញមកពិនិត្យព្យាបាលដោយមិនគិតថ្លៃ នាពេលនោះផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គនាយិកា ក៏បានពាំនាំការសួរសុខទុក្ខ និងបានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ៕


ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





