ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines នាំភ្ញៀវទេសចរជនជាតិចិនចំនួន ១២៦នាក់មកកាន់ខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ --
ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines បានធ្វើការតភ្ជាប់ជើងហោះហើរឡើងវិញមកកាន់ខេត្តព្រះសីហនុ ដោយចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ជាមួយនឹងភ្ញៀវទេសចរជនជាតិចិនសរុបចំនួន ១២៦នាក់ មកពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន។

ការមកដល់របស់យន្តហោះ Ruili Airlines គឺជាការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការកាន់តែស៊ីជម្រៅរវាងប្រទេសកម្ពុជា និងប្រទេសចិន និងក៏ជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរផងដែរ។ ភ្ញៀវទេសចរជនជាតិចិនចំនួន ១២៦នាក់ មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្ត និងមន្ត្រីបំរើការងារនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះ សីហនុ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមឆៃយ៉ាំថែមទៀតផង ក្នុងដំណើរមកដល់របស់ភ្ញៀវជនជាតិចិននាពេលនេះ គឺសំដៅមកទស្សនាកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ ។

ការនាំនូវភ្ញៀវទេសចរចិនមកកាន់ខេត្តព្រះសីហនុ ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines បានបង្ហាញលំហូរភ្ញៀវទេសចរបរទេសមកកាន់ខេត្តព្រះសីហនុ ដែលត្រូវបានអាក់ខានកន្លងមកដោយសារតែវិបត្តិជំងឺកូវីដ-១៩។ វិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍរីកចម្រើនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុចំនួន ៣៧ខ្សែ និងសមិទ្ធិផលជាច្រើនទៀត ដែលបង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗទាក់ទាញបេះដូងភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕

ដោយ៖ ងូ សុមុនី





