ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញចូលរួមសន្និសីទ និងពិព័រណ៍កងទ័ពជើងគោកប៉ាស៊ីហ្វិក (LANPAC 2025)
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ អគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូចូលរួមសន្និសីទ និងពិព័រណ៍កងទ័ពជើងគោកប៉ាស៊ីហ្វិក (LANPAC 2025) ដែលរៀបចំដោយសមាគមនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក (AUSA) និង កងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក (USARPAC) ក្រោមប្រធានបទ “ជ័យជម្នះដោយកម្លាំងកងទ័ពជើងគោក (PREVAILING THROUGH LANDPOWER)” ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។

ក្នុងឱកាសចូលរួមសន្និសីទ និងពិព័រណ៍កងទ័ពជើងគោកប៉ាស៊ីហ្វិក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ RONALD P. CALRK មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក ឯកឧត្តម នាយឧត្តមសេនីយ៍ YASUNORI MORISHITA មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ឯកឧត្តម នាយឧត្តមសេនីយ៍ PANA KLAEWPLODTHUK មេបញ្ជាការកងទ័ពជើងគោកថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងឯកឧត្តម ឧត្តមសេនីយ៍ត្រី CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី។

ក្នុងជំនួបពិភាក្សាការងារនីមួយៗ ភាគីបានពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការហ្វឹកហ្វឺនបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព កិច្ចការមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ (HADR) ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តនៅក្នុងតំបន់៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





