ឯកឧត្តម ហួត ហាក់ ធ្វើទស្សនកិច្ចនៅសារមន្ទីរឡស្លរ៉ែដែកបុរាណ ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូ បានអញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់នៅសារមន្ទីរឡស្លរ៉ែដែកបុរាណក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ សារមន្ទីរបុរាណវត្ថុវិទ្យាឡស្លរ៉ែដែកពីបុរាណនេះជាផ្នែកមួយដ៏សំខាន់ មិនអាចកាត់ថ្លៃបានក្នុងចំណោមធនធានវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានក្នុងតំបន់នេះ។ នេះបើតាមការឱ្យដឹងពីឧទ្យានជាតិឫស្សីត្រឹប នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

តាមការស្រាវជ្រាវរបស់អ្នកជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញពីបរទេសជាច្រើននាក់ បានបង្ហាញថា តំបន់ឧទ្យានជាតិនេះជាតំបន់ឧស្សាហកម្មរ៉ែដែកបុរាណដ៏សំខាន់និងធំមួយក្នុងប្រទេសកម្ពុជា ក្នុងសតវត្សរ៍ទី១១-១៣ ហើយក៏មានការនាំចេញដែកពីតំបន់នេះទៅ ប្រើប្រាស់នៅតំបន់អង្គរនៅពេលនោះផងដែរ ដូចជា ការសាងសង់ប្រាសាទ ឧបករណ៍កសិកម្ម និង យុទ្ធោករណ៍ដាវ លំពែង ផ្គាក់ ជាដើម។ បច្ចុប្បន្ន ឧទ្យានតេជោសែន ឫស្សីត្រឹប មានតំបន់ឡស្លរ៉ែដែកបុរាណសំខាន់ៗចំនួន៤តំបន់ធំៗ និងមានទីទួលឡដែកបុរាណចំនួន ៥៥កន្លែង និងមានត្រពាំងសន្លុង ចំនួន២៩ និងមានភូមិបូរាណចំនួន៣។ សមុច្ច័យដែលបានមកពីការធ្វើកំណាយបុរាណវត្ថុវិទ្យា បានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវបានដឹង អំពី អាយុកាល របៀបរស់នៅ សេដ្ឋកិច្ច ឧស្សាហកម្ម និងនយោបាយ បច្ចេកទេសក្នុងការស្លររ៉ែដែកនិងការផលិតកែច្នៃដែក តាំងពីប្រមាណ ១០០០ឆ្នាំមុន ដែលជាចំណេះដឹងបញ្ញាញាណខ្ពស់របស់ដូនតាខ្មែរកាលសម័យនោះ។

នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា តំបន់ឧទ្យានតេជោសែន ឫស្សីត្រឹបនេះ នឹងដាក់បញ្ចូលទៅក្នុងគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជាយើង ពិសេសនៅក្នុងរដូវកាលបៃតងនេះ៕

ដោយ ណយ នឿន (ប្រភព៖ ឧទ្យានជាតិឫស្សីត្រឹប)





