កិច្ចសន្ទនារដ្ឋមន្ត្រីអប់រំចិន-អាស៊ាន នៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមកិច្ចសន្ទនារដ្ឋមន្ត្រីអប់រំចិន-អាស៊ាន នៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងកិច្ចសន្ទនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីជំហរ និងកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ និងបរិវត្តកម្មអប់រំក្នុងយុគសម័យនៃភាពវ័យឆ្លាតអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានរំលេចនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមនៃការអប់រំឌីជីថលសំខាន់ៗ រួមមាន ១) គោលនយោបាយ និងយុទ្ធសាស្រ្តអប់រំឌីជីថល ដែលកម្ពុជាកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មនូវបញ្ញាទាំងមនុស្ស និងសិប្បនិម្មិតទៅក្នុងប្រព័ន្ធអប់រំរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តស្តីពីបច្ចេកវិទ្យាអប់រំ ការអប់រំស្តែម និងក្របខណ្ឌគោលនយោបាយនានាដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ២) គោលគំនិតនៃការផ្តល់សិទ្ធិអំណាចដល់មនុស្ស ខណៈពេលដែលកំពុងទទួលយកយុគសម័យនៃភាពឆ្លាតវៃ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការធានាបច្ចេកវិទ្យាបម្រើមនុស្សជាតិ ដោយផ្តោតលើសមធម៌ ការផ្តល់សិទ្ធិអំណាច និងបរិយាបន្ននៃការអប់រំឌីជីថល។ ៣) ការផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀន ដោយផ្តោតលើការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំលើជំនាញឌីជីថល និងវិធីសាស្រ្តបង្រៀន និង៤) ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូចិន-អាស៊ាន រួមមាន ការបង្កើតមជ្ឈមណ្ឌលចិន-អាស៊ានសម្រាប់ការអប់រំ ការអភិវឌ្ឍក្របខណ្ឌ និងស្តង់ដារក្នុងតំបន់ ការចែករំលែកធនធានឌីជីថល យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបង្កើនការផ្លាស់ប្តូរផ្នែកអប់រំក្នុងតំបន់៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





