កម្ពុជា-ឡាវ បន្តប្តេជ្ញារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មីអំពីការបន្តប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាជននៃប្រទេសទាំងពីរ។

ការអះអាងជាថ្មីនូវឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើង នាជំនួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំសហការីអញ្ជើញមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង បានសម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ខណៈដែលភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសងខាង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





