ឯកឧត្តម ហ៊ែល តូនី ជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង នៅតំបន់អភិរក្សជីវចម្រុះបឹងពារាំង ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះពិនិត្យ និងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង នាពេលនេះគឺអនុលោមតាម ស.ជ.ណ លេខ៦៩៦ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលអេកូទេសចរណ៍ សម្រាប់ផែនការយុទ្ធសាស្រ្ត សំដៅពង្រឹងនិរន្តរភាព និងប្រសិទ្ធភាពក្នុងការលើកកម្ពស់គ្រប់គ្រង ការពារថែរក្សាតំបន់អេកូទេសចរណ៍ធម្មជាតិបឹងពារាំង។

តំបន់អភិរក្សជីវចម្រុះបឹងពារាំង ជាផ្នែកមួយនៃបឹងទន្លេសាប ហើយអាចចាត់ទុកជាតំបន់ដីសើមដែលធំមួយ ដែលមានប្រព័ន្ធអេកូឡូស៊ីប្រកបដោយសក្តានុពល និងសម្បូរទៅដោយជីវចម្រុះ ប្រភេទព្រៃលិចទឹក ពពួកសត្វស្លាប រួមទាំងប្រភេទត្រីមេពូជជាច្រើនប្រភេទដែលបាន និងកំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





