ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្អាងទទួលអំណោយពីសាខាកាកបាទក្រហមខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានទៅទទួលជំនួយសង្គ្រោះបឋមជាលើកទី២ ពីសាខាកាកបាទក្រហមខេត្តកណ្តាល ដើម្បីជួយសម្រួលការលំបាកបងប្អូនបានមួយរយៈគ្រាដែលកំពុងមានបញ្ហានេះ។

ក្នុងឱកាសអញ្ជើញចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង៧គ្រួសារដែលរងគ្រោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកណ្តាល និងជាប្រធានសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនទៅដល់បងប្អូនដែលរងគ្រោះ ដោយសម្តេចតែងបានណែនាំជាប្រចាំឱ្យមន្ត្រីកាកបាទក្រហមស្រុក និងខេត្តត្រូវពិនិត្យមើល និងជួយដោះស្រាយរាល់ទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា កាលផ្តល់ជូនជំនួយសង្រ្គោះបឋមជូនបងប្អូនទាំង៧គ្រួសារនេះ គឺជាលើកទី២ហើយ ដោយកាលពីពេលកើតហេតុភ្លាមៗ ក្រុមការងារកាកបាទក្រហមស្រុកស្អាងបានយកជំនួយមកផ្តល់ជូនម្តងហើយ និងបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ដោយសារនៅពេលរដូវវស្សា ដែលអាចមានភ្លៀងច្រើន ដែលអាចមានទឹកលិចនៅទីតាំងមួយចំនួន។ ដូចនេះបងប្អូនត្រូវថែទាំថែសុខភាព និងធ្វើអនាម័យផ្ទាល់ខ្លួន ព្រមទាំងត្រូវប្រុងប្រយ័ត្នលើបញ្ហាសត្វពស់ និងសត្វមានពិសផ្សេង ដោយក្នុងនោះឯកឧត្តម ក៏បានណែនាំដល់មន្ត្រីសុខាភិបាលត្រូវផ្តល់ថ្នាំពស់ចឹកមកដល់ស្រុក និងមូលដ្ឋានដើម្បីការពារក្នុងករណីចាំបាច់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន ក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវ ប្រុងប្រយត្ន័អំពីជំងឺកូវីដប្រភេទថ្មីដែលកំពុងកើតមានច្រើននៅប្រទេសជិតខាងយើង ដោយក្នុងនោះក្រសួងសុខាភិបាលក៏ទើបបានចេញសេចក្តីជូនដំណឹងពីបញ្ហាជំងឺកូវីដថ្មីនេះដែរ។

សូមជម្រាបជូនថា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៧គ្រួសារខាងលើនៅពេលនេះ ដោយក្នុង១គ្រួសារៗទទួលបានជំនួយសង្គ្រោះបឋមពីសាខាកាកបាទក្រហមខេត្តកណ្តាល នូវអង្ករ ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ត្រីខ មី កៅស៊ូតង់ និងឃីដមួយកញ្ចប់ ព្រមជាមួយនឹងថវិកាចំនួន៣០ម៉ឺនរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





