សម្ដេចតេជោ ហ៊ុន សែន រម្លឹកអនុស្សាវរីយ៍ កាលពី៤០ឆ្នាំមុន នៅខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥-ក្នុងខណៈដង្ហែព្រះរាជដំណើរយាងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំងនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានរម្លឹកអនុស្សាវរីយ៍កាលពី៤០ឆ្នាំមុន ក្នុងមកបំពេញការងាររយៈពេល២ថ្ងៃ និង១យប់ នាខែធ្នូឆ្នាំ១៩៨៥។

នៅលើបណ្ដាញទំនាក់ទងសង្គម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា មកដល់ខេត្តកំពង់ឆ្នាំងនឹកដល់កាលពី៤០ឆ្នាំមុន ដែលខ្ញុំមកបំពេញការងាររយៈពេល២ថ្ងៃនិង១យប់នាខែធ្នូឆ្នាំ១៩៨៥។ សម្ដេចតេជោបន្តថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះមកពិនិត្យការនេសាទ ពិនិត្យការទិញស្រូវនិងលក់ទំនិញជូនប្រជាជន ព្រមទាំងសម្រេចផលិតចានត្រង់ជ័រកៅស៊ូ ចំនួន២លានចាន ដោយសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែង។សម្ដេចតេជោប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថា ៤០ឆ្នាំក្រោយកំពង់ឆ្នាំងប្រែក្លាយជាខេត្តអភិវឌ្ឍន៍មួយ ចំណែកខ្លួនខ្ញុំក៏មានវ័យចំណាស់ពី៣២ឆ្នាំមក៧២ឆ្នាំដែរ។ ជូនភ្ជាប់នូវរូបថតដែលមានអតីត អភិបាលខេត្ត ដោក ណារិន អមដំណើរ៕

ដោយ៖ ជឹម ណារី





