ប្រជាពលរដ្ឋមកលេងខេត្តកំពតយ៉ាងច្រើនកុះករនៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
AKP កំពត ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥--ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រខ្មែរ ប្រជាពលរដ្ឋមកពីតាមបណ្ដារាជធានីខេត្តនានា បានមកលេងខេត្តកំពតយ៉ាងច្រើនកុះករ។ ពួកគាត់បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានមកឃើញទេសភាព និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពត ខណ:ដែលមន្ត្រីជំនាញបានបញ្ជាក់ថា និន្នាការភ្ញៀវមកខេត្តកំពតច្រើនមែនទែន បន្ទប់ស្នាក់នៅពេញទាំងអស់តាំងពីពេលព្រឹក។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៥ ដែលថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧២ យាងចូល៧៣ព្រះវស្សា។ គេសង្កេតឃើញប្រជាពលរដ្ឋមកពីតាមបណ្ដារាជធានីខេត្ត បានសម្រុកមកលេងខេត្តកំពតយ៉ាងកោះករ បណ្ដាលឱ្យផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងមានភាពមានយ៉ាងខ្លាំង និងមានការកក់ស្ទះជាអន្លើៗ តាំងពីព្រឹករហូតដល់យប់ ពិសេសនៅគល់ស្ពានថ្មី និងផ្លូវមាត់ព្រែកកំពង់បាយ ដែលទាមទារឱ្យមានការជួយរៀបចំសម្រួលចរាចរណ៍ពីកងកម្លាំងរបស់ស្នងការខេត្ត។

ប្រជាពលរដ្ឋដែលមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានមកដើរលេងកម្សាន្តនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ។ ពួកគាត់បានសរសើរអំពីការរៀបចំ និងការអភិវឌ្ឍរបស់ខេត្តកំពតថា មានភាពទាក់ទាញខ្លាំង ពិសេសថ្ងៃនេះមានភ្ញៀវច្រើនកុះករ មកលេងកម្សាន្ត ញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ថា និន្នាការលំហូរភ្ញៀវមកកាន់ខេត្តកំពតច្រើនកុះករមែនទែន នៅក្នុងថ្ងៃឈប់សម្រាកទី១៤ ខែឧសភា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ។ ទិដ្ឋភាពជាទូទៅនៅក្នុងក្រុងកំពតមានភាពអ៊ូអរ ពិសេសផ្លូវមាត់ព្រែកកំពង់បាយមានភាពមមាញឹកខ្លាំង ខណៈដែលនៅចំណុចគល់ស្ពានថ្មីទាំងត្រូវលិច និងត្រើយកើតមានការកកស្ទះជាអន្លើៗតាំងពីព្រឹករហូតដល់យប់ ខណៈដែលសេវាជិះទូកកម្សាន្តតាមដងព្រែកក៏មានសកម្មភាពមិនញញឹកផងដែរ។ លោកបានបញ្ជាក់ទៀតថាចំពោះស្ថានភាពទូទៅ នៅតាមតំបន់រមណីយដ្ឋានទូទាំងខេត្តកំពត មានភាពល្អប្រសើរ និងមានភ្ញៀវទៅកំសាន្តច្រើន ខណៈដែលសេវាស្នាក់នៅគ្រប់ប្រភេទ ពេញអស់តាំងពីពេលព្រឹក។

ទោះយ៉ាងណាក៏ដោយលោកថា មន្ត្រីជំនាញនៅមិនទាន់បានធ្វើការបូកសរុបទិន្នន័យភ្ញៀវរួចរាល់នៅឡើយទេ និងបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ គេរំពឹងថា និន្នាការភ្ញៀវ មកលេងខេត្តកំពត កាន់តែច្រើនឡើងៗ នៅថ្ងៃបន្ទាប់៕
ដោយ ប្រាក់ លាង





