សន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ “ការអភិវឌ្ឍ និងបរិវត្តកម្មអប់រំ៖យុគសម័យនៃភាពវ័យឆ្លាត” នៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចូលរួមពិធីបើកសន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ “ការអភិវឌ្ឍ និងបរិវត្តកម្មអប់រំ៖ យុគសម័យនៃភាពវ័យឆ្លាត” ដែលរៀបចំឡើងដោយក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិយូណេស្កូនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តហ៊ូប៉ី នៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃការចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវចំណុចសំខាន់ៗ ដែលរួមមាន៖ ១) ចក្ខុវិស័យនៃបរិវត្តកម្មអប់រំ៖ នៅក្នុងយុគសម័យដែលជំរុញដោយបញ្ញាសិប្បនិមិ្មត AI និងទិន្នន័យធំតម្រូវឱ្យការផ្លាស់ប្តូរការអប់រំដែលមានលក្ខណៈទ្រង់ទ្រាយធំទៅជាការរៀនផ្ទាល់ខ្លួន ការរៀនដែលផ្អែកលើទិន្នន័យ តែត្រូវធានាឱ្យមានតុល្យភាពរវាងការរីកចម្រើននៃបច្ចេកវិទ្យា និងតម្លៃមនុស្សជាតិ។ ២) សមធម៌ និងបរិយាបន្នឌីជីថល៖ ការធានាឱ្យមានសមធម៌ និងបរិយាបន្ននៅក្នុងយុគសម័យឌីជីថល ដោយមិនទុកអ្នកសិក្សាណាម្នាក់ចោល តាមរយៈការផ្តោតលើការផ្សារភ្ជាប់រវាងទីក្រុង និងជនបទ គម្លាតយេនឌ័រ និងវិសមភាពសេដ្ឋកិច្ចសង្គម ការទទួលស្គាល់អក្ខរកម្មឌីជីថលជាសិទ្ធិជាមូលដ្ឋាន និងការលើកកម្ពស់ការតភ្ជាប់ឌីជីថលដែលមានតម្លៃសមរម្យ សម្ភារ និងមាតិកាឌីជីថលដែលបានធ្វើមូលដ្ឋានីយកម្ម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ៣) ការរួមបញ្ចូលកម្មវិធីវៃឆ្លាតនៃបច្ចេកវិទ្យាក្នុងការរៀន៖ ការផ្លាស់ប្តូរពីការទទួលយកបច្ចេកវិទ្យាទៅជាការប្រើប្រាស់កម្មវិធីឆ្លាតវៃ ដូចជា AI សម្រាប់ការរៀន ការព្យាករណ៍ និងការវិភាគ។ ការលើកកម្ពស់គំរូនៃការរៀនកូនកាត់ ដែលរួមបញ្ចូលនូវអន្តរកម្មឌីជីថល ជាមួយអន្តរកម្មមនុស្ស និងជំរុញកិច្ចសហការរវាងគ្រូនិង AI ជៀសជាងការជំនួសគ្រូបង្រៀនដោយ AI។ ៤) ការផ្តល់អំណាចដល់គ្រូបង្រៀនក្នុងយុគសម័យឌីជីថល៖ គ្រូបង្រៀនត្រូវប្រែក្លាយពីអ្នកដែលគ្រាន់តែផ្តល់ចំណេះដឹង ទៅជាអ្នករចនាបរិយាកាសសិក្សាវៃឆ្លាត គ្រូបង្រៀនត្រូវទទួលការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំលើជំនាញឌីជីថល ភាពច្នៃប្រឌិត និងការគំាទ្រសុខុមាលភាព។ ៥) ការពង្រឹងគោលនយោបាយអភិបាលកិច្ច និងប្រព័ន្ធអេកូឡូស៊ីននៃវានុវត្តន៍៖ ការបង្កើតប្រព័ន្ធអប់រំដែលផ្អែកលើទិន្នន័យដែលធ្វើបច្ចុប្បន្នភាពជាប្រចាំ និងបុរេសកម្ម ការតម្រឹមកម្មវិធីសិក្សា ការវាយតម្លៃ និងការបណ្ដុះបណ្ដាលគ្រូបង្រៀនឆ្លើយតបទៅនឹងតម្រូវការគុណសម្បទាឌីជីថលសំខាន់ៗ និងជំនាញនាពេលអនាគត និងការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីធានាបាននូវក្រមសីលធម៌ AI ឯកជនភាពទិន្នន័យ និងគុណភាពនៃបច្ចេកវិទ្យាអប់រំ។ ៦) តួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹង៖ ការពង្រឹងភាពជាដៃគូជាសកលជាមួយអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ ដើម្បីចែករំលែកការអនុវត្តល្អបំផុត និងសាកល្បងអនុវត្តបច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិត និង ៧) ការបណ្តុះជំនាញសតវត្សរ៍ទី២១៖ ការបណ្តុះជំនាញចិត្តសាស្ត្រសង្គម ការសម្របខ្លួន ការច្នៃប្រឌិត ជំនាញឌីជីថល និងភាពជាពលរដ្ឋសកម្មដល់យុវជន ដោយសង្កត់ធ្ងន់លើគោលគំនិត "ភាពវៃឆ្លាតដោយក្តីមេត្តា" ដើម្បីធានាថាជំនាញបច្ចេកវិទ្យារួមចំណែកដល់ការអភិវឌ្ឍមនុស្សជាតិ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





