កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុងល្បាតលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥-- ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានបន្តចាត់តាំងកងវរសេនាតូចលេខ៣៣៧ និងផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញយាមល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។

ក្នុងនោះដែរ ឧត្ដមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំឲរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

លោកមេបញ្ជាការក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើង និងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន និងមានសុខភាពល្អទាំងអស់គ្នាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





