ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងសំណូមពរ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការចេញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត សមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជាច្រើនរូប។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ប្រជាជនជឿជាក់លើការដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សដែលបានពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងជួយដោះស្រាយការលំបាករបស់ប្រជាជន។ រចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សកាន់តែត្រូវបានពង្រឹងហើយចាក់ឫសចូលជ្រៅទៅក្នុងស្រទាប់មហាជន និងរក្សាបាននិរន្តរភាពក្នុងការដឹកនាំ។ ក្រុមការងាររបស់គណបក្ស និងក្រុមការងាររបស់រាជរដ្ឋាភិបាល សហការគ្នាបានល្អក្នុងការដោះស្រាយបញ្ហាប្រឈមនិងដឹងទុក្ខធុរៈរបស់ប្រជាជននៅមូលដ្ឋាន។ មន្ត្រីគណបក្សនៅគ្រប់ថ្នាក់មានស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាធ្វើសកម្មភាពដើម្បីលើកកម្ពស់ជីវភាពរបស់ ប្រជាជនឆ្ពោះទៅដណ្តើមជ័យជម្នះជូនគណបក្សរាល់ការបោះឆ្នោត។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៅលើទិសដៅ និងភារកិច្ចសម្រាប់ខែបន្ទាប់គឺ៖ ១. គ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ត្រូវតម្រង់ទិសទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៨ ដោយក្តាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស ខិតខំអនុវត្តចលនា សរុបសំដៅពង្រឹងនិងពង្រីកកម្លាំងគាំទ្រគណបក្សនៅគ្រប់មូលដ្ឋាន។ ២. ជំរុញការអប់រំសមាជិកគណបក្ស និងមហាជនឱ្យបានជ្រួតជ្រាបច្បាស់ថែមទៀត អំពីជ័យជម្នះដ៏ធំធេងរបស់គណបក្ស និងរាជរដ្ឋាភិបាលអំពីសមិទ្ធផលគ្រប់វិស័យ អំពីគោលការណ៍ គោលនយោបាយ វិធានការនានារបស់គណបក្សនិងរាជរដ្ឋាភិបាល។អប់រំប្រជាជននិងសមាជិកគណបក្សយើងឱ្យមើលឃើញអំពីឧបាយកលដ៏គ្រោះថ្នាក់ របស់ពួកប្រឆាំងជ្រុលនិយម។ ៣. បន្តកសាង ពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពដឹកនាំរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដោយ ប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ផ្សារភ្ជាប់ជិតស្និទ្ធ ជាមួយសមាជិកគណបក្ស និងមហាជន។ ៤. បន្តពង្រឹងជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែកឱ្យខិតខំបម្រើជាតិបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម។ ប្តេជ្ញាការពារគណបក្ស និងប្តេជ្ញាដណ្តើមជ័យជម្នះជូនគណបក្ស នៅគ្រប់កាលៈទេសៈ។ ៥. បន្តកសាងសមាជិកគណបក្ស ទន្ទឹមនឹងការពង្រឹងគុណភាពដោយជំរុញការគ្រប់គ្រងអប់រំថែបំប៉នខាង នយោបាយ សតិអារម្មណ៍ និងចាត់តាំង និង៦.ពង្រឹង និងជំរុញការងារចលនាមហាជននៅគ្រប់ថ្នាក់ ឱ្យធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមមូលដ្ឋានក្តាប់ជាប់ ខិតខំដោះស្រាយការលំបាក និងសំណូមពររបស់ប្រជាជន៕


ដោយ ស៊ុម វណ្ណា





