រដ្ឋបាលខេត្តកំពង់ធំរៀបចំព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
AKP កំពង់ធំ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធនិងមន្រ្ដីរាជការសាលាខេត្តកំពង់ធំជាច្រើននាក់។

លោក ញឹក បានខេង បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សានូវខ្លឹមសារថាទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តកំពង់ធំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ អំណរសាទររំភើបរីករាយយ៉ាងក្រៃលែងប្រកបដោយស្វាមីភក្តិដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុង ឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល៧៣ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។


ក្នុងវេលាដ៏ឧត្តុង្គឧត្តមវិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបអភិវន្ទ សម្តែងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គជានិច្ចកាលតែងយកព្រះទ័យទុកដាក់បំពេញព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និង ជាព្រះរាជអគ្គមគ្គុទេសក៍ពេញដោយព្រះគតិបណ្ឌិតឈ្លាសវៃ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និង ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។ ប្រទេសជាតិមានសុខសន្តិភាព មានភាពរីកចម្រើនលើគ្រប់វិស័យ កិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងល្បីល្បាញលើសកលលោក ប្រជារាស្ត្ររស់នៅក្នុងជីវភាពរីកចម្រើនសម្បូណ៍សប្បាយ ឥតឈប់ឈរ។


នាឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សា ព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លានិងចៀសផុតពីព្រះរោគាព្យាធិទាំងឡាយ ព្រមទាំងបានប្រកបដោយព្រះពុទ្ធ ពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅ៕
ដោយ ស៊ុម វណ្ណា





