បទយកការណ៍៖ ក្នុងនាមយើងជាខ្មែរត្រូវរួមគ្នាថែរក្សាព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លជាពិធីមួយដាស់តឿនក្រើនរម្លឹក ដល់ប្រជាកសិករខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ដែលត្រូវរួសរាន់សាបព្រួសឱ្យទាន់រដូវកាល ដោយយោងតាមការផ្សងប្រផ្នូលរបស់គោឧសភរាជ ដើម្បីទទួលបានទិន្នផលខ្ពស់។ ព្រះរាជពិធីនេះត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ១រោច ដល់ថ្ងៃ៤រោច ខែពិសាខ ដោយផ្លាស់ប្ដូរទីកន្លែងពីខេត្តមួយទៅខេត្តមួយ ខណៈការប្រារព្ធខុសពីសម័យដើម ដោយព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រារព្ធច្រើនតែនិយមធ្វើនៅវាលព្រះមេរុ ជិតព្រះបរមរាជវាំង។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក ដើម្បីចម្រុងចម្រើនដល់ការសាបព្រួស បណ្ដុះ ដាំ ក្នុងរដូវភ្លៀងរបស់ប្រជាកសិករ។

កាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តា រាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្ត កំពង់ស្ពឺ និងខេត្តតាកែវជាដើម។

ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។ ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបាន ភោគផលខ្ពស់។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ អ្នកជំនាញវិជ្ជាបុរាណក៏បានពន្យល់ពីការផ្សារភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃទៅនឹងព្រះរាជពិធីច្រត់ព្រះនង្គ័ល និងបានជំរុញឱ្យកុលបុត្រកុលធីតាខ្មែររួមគ្នាថែរក្សាព្រះរាជប្បវេណីនេះឱ្យបានគង់វង្សទៀតផង។

ក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz មានការពិភាក្សានូវប្រធានបទស្ដីពី៖«ស្វែងយល់ពីព្រះរាជពិធីច្រត់ព្រះនង្គ័ល» នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន វាស្នារ ទីប្រឹក្សាអមគណៈកម្មាធិជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបានបញ្ជាក់ថា ពីបុរាណមកអាណាប្រជានុរាស្ត្រទាំងអស់មុននឹងធ្វើស្រែចម្ការ គេចាំមើលព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងលោកប្រារព្ធធ្វើមុន ទើបអាណាប្រជានុរាស្ត្រចាប់ផ្ដើមភ្ជួររាស់ជាខាងក្រោយ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។ ឯកឧត្ដមបន្ដថា កាលណា ព្រះករុណាជាអម្ចាស់មិនទាន់ភ្ជួរទេ អាណាប្រជានុរាស្ត្រមិនហ៊ានធ្វើស្រែចម្ការទេ នេះជាការគោរព ការបូជាចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បួង។

អមដោយការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពាក់ព័ន្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លតាមរលកអាកាសវិទ្យុផងនោះ ឯកឧត្ដម ប៊ុន វាស្នារ បានដាស់តឿនបងប្អូនជនរួមជាតិថា៖ «យើងជាកូនខ្មែរត្រូវថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់ដូនតារបស់យើង អ្វីៗដែលកើតឡើងបើសិនណាមិនមានរបស់បុរាណទេ យើងធ្វើរបស់សម័យមិនបានទេ ប្រសិនបើយើងមិនមានផ្ទះឈើទេ យើងមិនអាចទៅធ្វើផ្ទះថ្មបានទេ អីចឹងយើងជាកូនខ្មែរ យើងត្រូវនាំគ្នាថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់យើង កុំប្រកាន់ថា ឥឡូវគេ វិទ្យាសាស្ត្រហើយ ណាគេទៅធ្វើចឹងទៀត នាំខាតនិយាយចឹងមិនត្រូវទេ ខុស ហ្នឹងហើយខុស»។

ជាមួយគ្នានេះដែរ សម្រាប់ព្រះរាជពិធីបុណ្យនេះ ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ធ្វើការប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។

បើតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ ដើម្បីរួមគ្នាថែរក្សានូវព្រះរាជប្បវេណីពីបុរាណរបស់ ព្រះមហាក្សត្រ ឱ្យបានគង់វង្ស។

សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅនៅស្ថិតនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃ១-២-៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សូមរម្លឹកជូនផងដែរថា កាលពីឆ្នាំ២០២៤ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
ដោយ៖ គង់ សិរីរ័ត្ន និង រិទ្ធី





