បទយកការណ៍៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមង្គលមួយ ដែលប្រជាកសិករខ្មែរនៅតែមានជំនឿ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏មានសារៈសំខាន់ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាស ប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះករុណាព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក។ ជាក់ស្តែងកាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យ យាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជាដើម។

ចំណេរកាលក្រោយមកព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាង យាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។ ព្រះរាជពិធីនេះប្រព្រឹត្តិឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាលបម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។
ប្រជាកសិករខ្មែរបានចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគាត់ថា រដូវវស្សាបានមកដល់ ដែលត្រូវត្រៀមគោក្របី ធ្វើការភ្ជួររាស់ពូជស្រូវ និងគ្រាប់ពូជដំណាំផ្សេងៗ សម្រាប់ធ្វើកសិកម្ម។ លោកពូ មឿន ដែលជាកសិករមួយរូបនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយប្រាប់យើងជាកសិករឱ្យដឹងថា ការចាប់ផ្តើមធ្វើស្រែចម្ការមកដល់ហើយ ដូចនេះឱ្យតែចំពេលនេះយើងតែងត្រៀមធ្វើការភ្ជួររាស់ដាស់ដីស្រែចម្ការ និងត្រៀមនូវគ្រាប់ពូជស្រូវដំណាំ ចៀសវាងការខកខាន»។

ជាការពិតណាស់ទោះបីជាវិទ្យាសាស្ត្រមានភាពជឿនលឿន ហើយប្រទេសកម្ពុជាក៏មានភាពជឿនលឿន មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ប្រជាកសិករបានឈានពីការប្រើប្រាស់សត្វគោក្របី ធ្វើការភ្ជួររាស់ដីស្រែ មកប្រើគ្រឿងចក្រជំនួសក៏ដោយ តែការប្រើប្រាស់គោក្របីជាកម្លាំងអូសទាញ នៅតែមាននៅឡើយ។ កសិកម្មគឺជាវិស័យអាទិភាពដ៏សំខាន់មួយរបស់កម្ពុជាដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ ដោយវិស័យនេះបានបន្តរួមចំណែកប្រមាណជា ១៦,៧ ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៤។
លោកពូ មឿន បានបន្តថា ទោះបីជាសព្វថ្ងៃវិទ្យាសាស្ត្ររីកចម្រើន យើងអាចដឹងអំពីអាកាសធាតុ ជាពិសេសបរិមាណទឹកភ្លៀងក្នុងការធ្វើស្រែតែយ៉ាងណាក៏ដោយ កសិករក៏នៅតែមានជំនឿទៅលើការផ្សងតាមរយៈការបរិភោគអាហារទាំងប្រាំពីរមុខរបស់គោឧសភរាជ ដើម្បីធ្វើការដាំដុះដំណាំទៅតាមអ្វីដែលគោឧសភរាជបានបរិភោគ ហើយតែងតែអនុវត្តការងារស្រែចម្ការទៅតាមទំនាយនៅក្នុងពិធីនេះជាដរាបមក។
កសិករមួយរូបទៀត អ្នកមីង សុខ មាន នៅស្រុកភូមិជាមួយលោកពូ មឿន ដែរ ក៏បង្ហាញនូវជំនឿស្រដៀងគ្នាថា៖ វិទ្យាសាស្ត្រក៏ខ្ញុំទទួលយក ហើយជំនឿក៏ខ្ញុំនៅតែជឿ។ អ្នកមីងបន្តថា៖ “ខ្ញុំតែងតាមដានមើលព្រះរាជពិធីច្រត់ព្រះនង្គ័លរៀងរាល់ឆ្នាំ។ តែឆ្នាំនេះសប្បាយរីករាយដែលបានដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើនៅខេត្តកំពង់ឆ្នាំង ខ្ញុំនឹងទៅចូលរួម ណាមួយចង់ឃើញព្រះភក្រ្ត ព្រះមហាក្សត្រ និងព្រះរាជពិធីផ្ទាល់ គ្រាន់តែស្តាប់ក៏សប្បាយរីករាយដែរ។ បើគោឧសភរាជស៊ីស្រូវ នោះយើងធ្វើស្រែច្បាស់ជាបានផលច្រើនជាមិនខាន បើគោឧសភរាជ ស៊ីពោត យើងដាំពោត បើតាមជំនឿតៗពីដូនតាមក គាត់ឱ្យយើងមើលលើគោស៊ីអ្វី និងផឹកអ្វីច្រើន។ បើយើងដឹងច្បាស់ យើងធ្វើស្រែចម្ការចុះមិនខុសទេក្នុងឆ្នាំហ្នឹង”។

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះនឹងត្រូវប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត និងដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងប្រជារាស្ត្រ តាមចំនួនកំណត់ជាក់ស្តែង ដើម្បីរួមគ្នាថែរក្សានូវព្រះរាជបវេណីពីបុរាណរបស់ព្រះមហាក្សត្រ ឱ្យបានគង់វង្ស នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ព្រះករុណា ព្រះមហាក្សត្រ បានចាត់ព្រះរាជតំណាងយាងច្រត់ជំនួសដែលស្តេចមាឃ ត្រូវបានចាត់តាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជាស្តេចមាឃ និងលោកជំទាវ ផាត សុផាន្នី ជាអ្នកកាន់តួនាទី មេហួរ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមក ហើយព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី នៃព្រះរាជពិធី។
ព្រះរាជពិធីក៏មានរៀបចំឱ្យមានតាំងពិព័រណ៍រូបភាពបង្ហាញពីនយោបាយទឹក ផលិតផលកសិកម្ម ដូចជាស្រូវ ពោត សណ្តែក។ល។ សិប្បកម្មក្នុងស្រុក ព្រមទាំងវត្ថុសម្ភារៈ គ្រឿងបរិក្ខារកែច្នៃ និងសមិទ្ធផល ៤៦ឆ្នាំ នៃការអភិវឌ្ឍលើគ្រប់វិស័យកន្លងមកដែលបណ្តារាជធានី-ខេត្តសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិមុន និងអាណត្តិបន្តវេនរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត។

តាំងតែពីបុរាណកាលមកម៉្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជាតែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០ភាគរយជាកសិករ ហើយដើម្បីធ្វើស្រែចំការខ្មែរតែងប្រើមធ្យោបាយភ្ជួររាស់បំផុសដីឱ្យបានល្អជាមុនដើម្បីដាំស្រូវ និងដំណាំ។ នៅក្នុងភាសាវប្បធម៌ និងរាជសព្ទ (ភាសាព្រះរាជា) លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ជារៀងរាល់ឆ្នាំនៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រប្រចាំនគរ រួមទាំងមន្ត្រី អ្នកមុខអ្នកការ និងប្រជានុរាស្ត្រគ្រប់ជាន់ថ្នាក់ មកពីគ្រប់ខេត្ត-ក្រុង ។ ព្រះរាជពិធីនេះជាពិធីមង្គលមួយដែលព្រះករុណា ព្រះមហាក្សត្រចាត់ទុកថាជាការចាប់ផ្តើមបង្កក់ប្រសិទ្ធីឱ្យដល់ប្រជាកសិករ ក្នុងការធ្វើស្រែចម្ការ នៅរដូវវស្សា ឱ្យទទួលបានទិន្នផលខ្ពស់ ព្រមទាំងបង្ហាញឱ្យប្រជាកសិករទូទាំងនគរដឹងថាដល់ពេលដែលត្រូវចាប់ផ្តើមការដាំដុះហើយ។
គេមានជំនឿថាពិធីនេះត្រូវបានគេរៀបចំតាមលំនាំព្រហ្មញ្ញសាសនា ដោយផ្សងទឹកភ្លៀងតាមរយៈការដាក់ភោគផល ឬអាហារ៧យ៉ាង រៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ដើម្បីឱ្យគោឧសភរាជបរិភោគតាមចិត្តក្នុងកម្មវិធីផ្សងនេះ។ បន្ទាប់មកព្រាហ្មណ៍ព្រះរាជគ្រូនឹងបង្ហាញលទ្ធផលដែលផ្សងតាមរយៈការបរិភោគរបស់គោឧសភរាជ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានគេមើលឃើញពីសារសំខាន់មួយចំនួនដូចជា៖ ជាពិធីមួយដើម្បីផ្សងប្រផ្នូលកម្រិតទឹកភ្លៀង និងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ខេត្ត-ក្រុងទូទាំងនគរខ្មែរ តាមរយៈការសោយព្រះស្ងោយ របស់គោឧសភារាជ។ ជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ អ្នកស្រែចំការឱ្យដឹងថា ដល់ពេលដែលត្រូវចាប់ផ្តើមធ្វើស្រែចំការហើយ។ ជាពេលវេលាដែលព្រះរាជា ថ្នាក់ដឹកនាំរដ្ឋ មានឱកាសជួបជុំសួរសុខទុក្ខប្រជារាស្ត្រដែលជាកសិករ។ ជាពេលវេលាដែលថ្នាក់ដឹកនាំគ្រប់ខេត្ត-ក្រុងមានឱកាសរៀបចំការដាក់តាំងភោគផលកសិកម្ម ប្រចាំខេត្ត-ក្រុងរបស់ខ្លួនឱ្យមហាជនបានដឹង និងងាយស្រួលលក់ភោគផលនៅពេលក្រោយ។ ជាពេលវេលានៃការដឹងគុណព្រះម៉ែធរណី និងព្រះភិរុណដែលបានបង្អុរទឹកភ្លៀង និងភោគផលគ្រប់គ្រាន់នាពេលកន្លងមក។ ជាពេលវេលានៃការបួងសួងសុំទឹកភ្លៀង និងសុំភោគផលបានសម្បូរហូរហៀរក្នុងឆ្នាំថ្មីបន្តទៀត និងជាពេលវេលាដែលបង្ហាញឱ្យឃើញពីទឹកព្រះទ័យ ឬការយកចិត្តទុកដាក់របស់ព្រះរាជា និងមន្ត្រីគ្រប់ជាន់ថ្នាក់ចំពោះប្រជារាស្ត្រទូទៅដែលជាកសិករ។
សរុបមក ពិធីច្រត់ព្រះនង្គ័លពិតជាមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់ប្រទេសកម្ពុជា ជនជាតិខ្មែរម្នាក់ៗគួរស្វែងយល់ឱ្យបានច្បាស់ហើយត្រូវស្រលាញ់ និងចូលរួមថែរក្សាឱ្យបានរីកចម្រើន និងឋិតថេរយូរអង្វែងតទៅមុខទៀត ហើយជំនឿចំពោះពិធីនេះនៅតែជារឿងចាំបាច់ក្នុងការអភិរក្ស និងថែរក្សាទំនៀមទម្លាប់ព្រោះវាក៏ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរផងដែរ៕
ដោយ បាន ច័ន្ទតារារិទ្ធ





