អាជ្ញាធរខេត្តបន្ទាយមានជ័យប្តេជ្ញាពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពតាមព្រំដែនកម្ពុជា-ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ -- លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តកាលពី រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដ៏សំខាន់មួយនៅសាលប្រជុំក្រុមប្រឹក្សាខេត្តស្តីពីការទប់ស្កាត់ និងបង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមកពីកងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនទៀតក្នុងខេត្ត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការរត់គេចពន្ធ និងការចរាចរទំនិញខូចគុណភាពតាមព្រំដែន ក៏ដូចជាការដាក់ចេញនូវវិធានការជាក់លាក់ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសេដ្ឋកិច្ចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមាននៃការរត់គេចពន្ធ និងការនាំចូលទំនិញខូចគុណភាព។ បញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកផងដែរ។
លោក ឃ្លោក នួយ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាការរត់គេចពន្ធ ជាពិសេសសាច់បង្កក និងការនាំចូលទំនិញខូចគុណភាព គឺជាបញ្ហាដែលរដ្ឋបាលខេត្តមិនអាចមើលរំលងបានឡើយ។ យើងត្រូវតែចាត់វិធានការម៉ឺងម៉ាត់ និង ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះឱ្យបានជាដាច់ខាត។ នេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះជាតិ និងប្រជាជន។

លោកអភិបាលរងខេត្តបន្ទាយមានជ័យក៏បានលើកឡើងនូវវិធានការសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្តនឹងពង្រឹង និងអនុវត្តន៍យ៉ាងសកម្ម រួមមាន ការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមានសមត្ថកិច្ច ពង្រឹងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងគយ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ដែលឈរជើងនៅតាមបណ្តោយព្រំដែន។ បង្កើនការត្រួតពិនិត្យយ៉ាងម៉ត់ចត់លេីរាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ជាពិសេសយានយន្ត និងឃ្លាំងស្តុកទំនិញនានា ដើម្បីធានាថាទំនិញទាំងអស់ត្រូវបានបង់ពន្ធត្រឹមត្រូវ និងមានគុណភាពស្របតាមស្តង់ដារ។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យ និងតាមដានការដឹកជញ្ជូនទំនិញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព។ អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើស ដោយមិនមានការលើកលែង។ បង្កើនការផ្សព្វផ្សាយ និងអប់រំដល់អាជីវករ និងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការរត់គេចពន្ធ និងការចរាចរទំនិញខូចគុណភាព ក៏ដូចជាការលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរ។
លោក ឃ្លោក នួយ បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តបន្ទាយមានជ័យមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយលោកបានស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ និងអនុវត្តភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការទប់ស្កាត់ និងបង្ក្រាបការរត់គេចពន្ធ និងទំនិញខូចគុណភាពនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យឱ្យទទួលបានជោគជ័យ។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អាជ្ញាធរខេត្តក្នុងការធានាបាននូវសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ ឈុន សារ៉ាត





