ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥-- លោក អ៊ុន បុត្ត អភិបាលរងខេត្តតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក ឆាំ ថន អភិបាលរងស្រុកប្រាសាទសំបូរមកជាអភិបាលរងស្រុកសណ្ដាន់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ និងមន្រ្តីសាលាស្រុកជាច្រើននាក់នៅអគាររដ្ឋបាលស្រុកសណ្ដាន់។

លោក អ៊ុន បុត្ត បានលើកឡើងថា ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំព្រមជាមួយនឹងការ កសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

លោក អ៊ុន បុត្ត បានបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវសហការចូលរួមអនុវត្តប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងក្របខណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនជាពិសេស រដ្ឋបាលស្រុកត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងប្រើប្រាស់ធនធាននានា ជាពិសេសមុខងារអប់រំនៅថ្នាក់ក្រុង ស្រុកនិងមុខងារផ្តល់សេវារដ្ឋបាលដើម្បីធានាផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន។ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីក្នុងការផ្តល់សេវា ដោយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលប្រព្រឹត្តបំពានក្រមសីលធម៌ វិជ្ជាជីវៈនិងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោក ឆាំ ថន បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទីភារកិច្ចក្នុងនាមជាអភិបាលរងស្រុក នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងជួយឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់គឺ៖ ១. ខិតខំរក្សាសាមគ្គីភាពល្អដែលសម្ដែងចេញពីភាពស្មោះត្រង់ យោគយល់គ្នាទៅវិញទៅមកនិងមានភាពយុត្តិធម៌។ ២. ទទួលនូវគោលការណ៍ផែនការការងារពីថ្នាក់ដឹកនាំដើម្បីអនុអនុវត្តឱ្យបានសម្រេចឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ៣. អនុវត្តឱ្យបានល្អនូវការគោរពច្បាប់លក្ខន្តិកៈមន្ត្រីរាជការដែលជ្រកនៅក្រោមឆ័ត្រនៃច្បាប់រាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ៤. ចូលរួមអនុវត្តឱ្យបានល្អតាមតួនាទី ភារកិច្ច និងទទួលនូវតម្រូវការព្រមទាំងសំណូមពរពីប្រជាពលរដ្ឋ តាមសមត្ថភាពសមស្របតាមច្បាប់និងទាន់ពេលវេលា និង៥. ខិតខំចូលរួមបំពេញការងារស្នូលរបស់រដ្ឋបាលស្រុកឱ្យបានល្អ និងដឹកនាំប្រជាពលរដ្ឋបានចូលរួមនិងគាំទ្រទៅលើភាពរីកចម្រើនរបស់ស្រុក៕

ដោយ ស៊ុម វណ្ណា





