អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារដែលមានជីវភាពខ្វះខាតនៅឃុំសាគ្រាម និងឃុំសាលាវិស័យ
AKP កំពង់ធំ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥-- លោកស្រី ឃួន ឡេ អភិបាលរងស្រុក តំណាងលោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្គ រូមជាមួយមន្ត្រីសាលាស្រុកក្រុមប្រឹក្សាឃុំ និងមន្រ្តីប្រចាំការអនុសាខាស្រុកកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១១គ្រួសារ នៅឃុំសាគ្រាម៨គ្រួសារ និងឃុំសាលាវិស័យ៣គ្រួសារ។

ក្នុងឱកាសនោះ លោកស្រី ឃួន ឡេ អនុប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេច និងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និងសូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយអនាម័យជានិច្ច" ហូបស្អាត ផឹកស្អាត រស់នៅស្អាត" ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នខ្ពស់ទៅនឹងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេល គ្រប់វេលាដូចជាករណីអគ្គិភ័យ រន្ទះបាញ់ ខ្យល់កន្រ្ដាក់ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ជាក់ថា សម្ភារដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កបានផ្តល់ជូនទាំង១១គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានអង្គរ៥០គីឡូក្រាម មី០១កេស ទឹកត្រី០១យួរទឹកស៊ីអ៊ីវ០១យួរ ធុងចម្រោះទឹកស្អាត០១ និងថវិកាចំនួន៥ម៉ឺនរៀល៕

ដោយ ស៊ុម វណ្ណា





