ឯកឧត្តម វ៉ាង វិនពីន៖ ចិននឹងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរចិនមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសចិនគាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ចិនក៏នឹងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បែបនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានផ្លូវថ្មើជើង (Walk Street) ហើយផ្លូវនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរផងដែរ។ ប្រទេសកម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញបានស្ថាបនាផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន។ យើងដាក់រហស្សនាមផ្លូវនេះជាមហាវិថីស៊ីជីនពីង។ ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួនត្រូវបានវាងទៅកំណាត់ផ្លូវមួយខ្សែនេះ។ ចំណែកថ្នាក់ជាតិវិញ មិត្តចិនក៏បានជួយយ៉ាងច្រើនផងដែរ ជាក់ស្តែងដូចជាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។ កម្ពុជាបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ចិន ដើម្បីជួយគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងឱ្យមានភាពរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញយើងរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថាកិច្ចការពារសន្តិសុខជូនពលរដ្ឋចិនក៏ដូចជាស្ថានទូតចិននោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្ដមបានបញ្ជាក់ថា ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជាមានបញ្ហាអ្វីមួយចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុង covid-19 ចិនបានជួយបាក់សាំងមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឆ្នាំនេះជាឆ្នាំទេសចរណ៍ ដូច្នេះឯកឧត្ដមសូមឱ្យចិនជួយផ្សព្វផ្សាយពីកម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់ថា ប្រជាពលរដ្ឋចិន ដែលបានមករកស៊ី និងបំពេញការងារនៅភ្នំពេញពិសេសនោះ គឺរក្សាបាននៅសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខសុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំង និងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលប្រធានាធិបតីចិន គឺពិតជាបានបង្ហាញឱ្យឃើញពីទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជនជាតិចិនឱ្យមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់ថា ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច។ ចិន នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ខ្ញុំសូមអរគុណចំពោះកម្ពុជាដែលបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧នៃការទំនាក់ទំនងការទូតចិន និងកម្ពុជា៕
ដោយ សួស សំរិត





