រដ្ឋបាលរាជធានីភ្នំពេញចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដើម្បីសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ (អ.ដ.ក) តំណាងឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានី និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីកិច្ចសហ ប្រតិបត្តិការក្នុងកិច្ចសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលប្រព្រឹត្ដទៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានលើកឡើងថា ជាការពិតណាស់ រាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមកក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងបានដាស់តឿនក្រើនរំលឹកថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទក្នុងដែនសមត្ថកិច្ច គឺកុំបណ្តោយឱ្យកម្ទេចភ្លើងអាចបង្កជាអគ្គិភ័យ ដែលមានន័យប្រៀបប្រដូចទៅនឹងវិវាទតូចតាចក្នុងមូលដ្ឋានបើគ្មានការយកចិត្តទុកដាក់។ ឈរលើមូលដ្ឋាននេះ សម្តេចតេជោតែងតែបានលើកទឹកចិត្ត និងបង្កើតឱ្យមាននូវយន្តការជាច្រើនទាំងនៅថ្នាក់ជាតិដោយឈរលើគោលការណ៍ឈ្នះ ឈ្នះជាមូលដ្ឋាននៃការផ្សះផ្សា ដើម្បីរក្សាបាននូវសុខដមនីយ៏កម្មក្នុងសង្គម។

ឯកឧត្ដមបានបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ «ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធ យុត្តិធម៌» ត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមវិធានការគន្លឹះទាំង៥ និងបានប្រគល់ភារកិច្ចនេះជូនឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្របសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក និងរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ។
ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចរចាពិភាក្សា និងរៀបចំឡើងដោយជោគជ័យនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានេះ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្មីនេះនឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនដល់គូភាគីវិវាទដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ព្រមទាំងរួមចំណែកជួយលើកកម្ពស់សុខដុមរនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេសជាតិផងដែរ៕
ដោយ សួស សំរិត





