ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើគ្រប់ភាគីពាក់ព័ន្ធបន្តគាំទ្រសម្រេចបានចក្ខុវិស័យ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមគ្នាឆ្ពោះទៅកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
AKP ភ្នំពេញថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជ រដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃក្រុមការងារបច្ចេកទេស វិស័យមីន ។

ក្នុងកិច្ចប្រជុំថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នៅស្នាក់ការអាជ្ញាធរមីន តំណាងឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបណ្ឌិត លី ធុជ បានអរគុណចំពោះក្រសួងស្ថាប័ន.ពាក់ព័ន្ធ ដែលបានយក ចិត្តទុកដាក់ និងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងបុព្វហេតុមនុស្សធម៌ចូលរួមដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រយៈពេលជាង៣០ឆ្នាំនេះ វិស័យមីននៅកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបន្តគាំទ្រយ៉ាងមុតមាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវសមិទ្ធផល យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ដែលភាពជោគជ័យនេះ ក៏បានមកពីរួបរួមគ្នាពីគ្រប់ក្រសួង. ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគី ពាក់ព័ន្ធផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានៅតែបន្តដំណើរយ៉ាងវែងឆ្ងាយទៀតក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ប្រមាណជា១៦៥៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនមានទំហំ ៤៦៩ គីឡូម៉ែត្រក្រឡា ដែលតម្រូវឱ្យមានការចូលរួមគាំទ្របន្ថែម និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគី ពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំសហការយ៉ាងជិតស្និទ្ធ និងព្យាយាមសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវចក្ខុវិស័យរបស់ សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជា គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាធានាថា រាល់ធនធានបោសសម្អាតមីនទាំងអស់ នឹងត្រូវប្រើប្រាស់ឱ្យចំគោលដៅជាអាទិភាព។
ជាមួយនឹងភាពជោគជ័យក្នុងប្រទេស ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា៖ កម្ពុជា មានមោទនភាពបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) យ៉ាងសកម្ម និងទទួលបានការវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ ជាមួយនឹងការដាក់ចេញនូវគោលដៅច្បាស់លាស់ និងម៉ឺងម៉ាត់របស់សម្តេចធិបតី គោរពនូវគោលការណ៍នៃអនុសញ្ញាឱ្យបានខ្ជាប់ខ្ជួន និងមានការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកលុបបំចាត់ទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស និងនាំមកនូវសេចក្តីថ្លៃថ្នូរជូនមនុស្សជាតិ។ ជាមួយគ្នានោះ វិស័យសកម្មភាពមីន ក៏បានរួមចំណែកផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងភាពជាដៃគូ បានយ៉ាងទូលំទូលាយ ៕
ដោយ៖ សួស សំរិត





