អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលើកឡើងពីការអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវជាតិលេខ១
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- ខណៈពេលដែលសាធារណជនបន្តរិះគន់លើករណីចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារផងនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានចេញការពន្យល់ដោយគូសបញ្ជាក់ថា សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានយន្តល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាជាបន្តបន្ទាប់ ហើយថាក្នុងករណីណាដែលសមត្ថកិច្ចបានរកឃើញជាក់ស្ដែងចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់។

លោក ទូច សុឃៈ បានលើកឡើងថា បើទោះបីជាក្រសួងបានចាត់វិធានការ និងមានសមត្ថកិច្ចជំនាញដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ ក៏សង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនសូវជាអើពើ មិនសូវចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា នៅពេលមានមន្រ្តីចរាចរណ៍ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត ពួកគេចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមិនមានសមត្ថកិច្ចដាក់កម្លាំងត្រួតពិនិត្យបទល្មើសពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នារិះគន់ សម្ដែងមតិ និងវាយប្រហារមកកាន់សមត្ថកិច្ចថា មិនដាក់កម្លាំងត្រួតពិនិត្យទៅវិញ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា លុះត្រាតែមានការផ្ដើមចេញប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវនាំគ្នាស្វែងយល់ អានច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយសីលធម៌ ចេះយោគយល់អធ្យាស្រ័យ កុំចង់ចាញ់ កុំចង់ឈ្នះ ចេះខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯង លើគ្រួសារ និងលើអ្នកដទៃ។
លោក ទូច សុឃៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានជួបប្រទះរថយន្តបើកបរល្មើសច្បាប់ចរាចរណ៍គ្រប់រូបភាព ជារួមមាន សកម្មភាពបើកវ៉ាងជែង ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជារូបភាព ឬជាវីដេអូឱ្យជាប់ស្លាកលេខ បន្ទាប់មកសូមផ្ញើសារជារូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាមអ្នកនាំពាក្យ តាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤ ដើម្បីមានវិធានការ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





