ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក យុន យឿត ប្រធានក្រុមជាងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា គម្រោងនៃការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ មានទំហំជាង៣១៨ម៉ែត្រការ៉េ ហើយគិតមកដល់ថ្ងៃនេះការសាងសង់សម្រេចបានប្រមាណជាង២០ភាគរយហើយ ហើយគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់នៅមុនបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានខិតខំប្រឹងប្រែងរកថវិកាពីសប្បុរសជននានា ដើម្បីដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ នឹងបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នមានការពាក់ព័ន្ធនានា ដែលបានផ្ដល់ដីសម្រាប់ដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនៅពេលនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានស្នើសុំដល់ក្រុមវិស្វករ និងជាងសំណង់របស់គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា មេត្តាធ្វើការសាងសង់ឱ្យមានគុណភាព និងសោភ័ណភាពល្អ ស្របតាមលក្ខណៈបច្ចេកទេស និងពេលវេលាដែលបានកំណត់ ដើម្បីជាប្រយោជន៍សម្រាប់បម្រើឱ្យនិរន្តរភាពការងារសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំបានយូរអង្វែងតទៅ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





