រដ្ឋបាលព្រៃឈើចូលរួមកិច្ចប្រជុំ Global PEFC Forest Forum នៅប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -- ក្រុមការងារនៃនាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តិការអន្ដរជាតិនៃរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំ Global PEFC Forest Forum ដែលបានប្រព្រឹត្ដទៅកាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីបណ្ដាប្រទសដែលជាសមាជិករបស់អង្គការ PEFC International ទូទាំងពិភពលោក និងបណ្ដាក្រុមហ៊ុនដែលប្រើប្រាស់វិញ្ញាបនបត្រព្រៃឈើរបស់អង្គការ PEFC ដែលគោលបំណងនៃកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្មឈើ ការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មឈើប្រកបដោយនិរន្ដរភាព តាមរយៈការប្រើប្រាស់វិញ្ញាបនបត្រព្រៃឈើ និងការរៀបចំប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើឱ្យស្របតាមបទប្បញ្ញត្តិរបស់សហភាពអឺរុប (PEFC-EUDR Regulation)។

កិច្ចប្រជុំនេះបានផ្តល់នូវធាតុចូល និងការណែនាំបច្ចេកទេសសំខាន់ៗ ដើម្បីអភិវឌ្ឍប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិរបស់ប្រទេសទាំងអស់ដែលបានចូលរួម ក្នុងការធានានូវការអនុវត្តការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដែលស្របតាមនិន្នាការរបស់ទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន និងនាពេលអនាគត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





