នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿងចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម
AKP ព្រះសីហនុ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥--នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង បានចូលចតនៅមូលដ្ឋានសមុទ្ររាមប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្ររាម អញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ តំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីជាច្រើនរូប។

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង មានលេខ989 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធភូមិភាគខាងត្បូងកងទ័ពជើងទឹករំដោះប្រជាជនចិន នៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នារវាងកម្ពុជា-ចិន (នាគមាស) ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។

នាវាកងទ័ពរំដោះប្រជាជនចិនគឺជានាវាបរទេស ដែលបានអនុញ្ញាតចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជំហានទី១ នូវមជ្ឍមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីនាវាកងស្វ័យការពារជើងទឹកជប៉ុន និងនាវាកងទ័ពជើងទឹកវៀតណាម។

សូមជម្រាបជូនថា នាវាលេខ989 មានបណ្ដោយ២១០ម៉ែត្រ ទទឹង២៨ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ ទម្ងន់ផ្ទុក២៥០០០តោន ល្បឿន២៥ knots៕


ដោយ ងូ សុមុនី





