ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសអាល្លឺម៉ង់
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីបែរឡាំង ប្រទេសអាល្លឺម៉ង់។

បើតាមក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងផ្តោតទៅលើកិច្ចពិភាក្សាគោលនយោបាយរក្សាសន្តិភាពនាពេលអនាគតបន្តតាមមាគ៌ាដែលកំណត់ដោយរបៀបវារៈថ្មីសម្រាប់សន្តិភាព និងកិច្ចប្រជុំកំពូលនាពេលអនាគត។ លើសពីនេះកិច្ចប្រជុំខាងលើក៏ធ្វើឡើងក្នុងគោលបំណងបង្កើតការសន្យាជាក់ស្តែងសម្រាប់តម្រូវការបច្ចុប្បន្ន និងអនាគតក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមការកត់សម្គាល់ថា ក្នុងរយៈពេលជាង៧៥ឆ្នាំ កិច្ចការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) មានស្នាដៃសំខាន់មួយក្នុងការប្រមូលផ្តុំកម្លាំងសកលសម្រាប់ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយកាលពីខែកញ្ញា ឆ្នាំ២០២៤ សមាជិករបស់អង្គការសហប្រជាជាតិ (UN) បានស្នើឱ្យមានការត្រួតពិនិត្យលើអនាគតនៃគ្រប់ទម្រង់នៃប្រតិបត្តិការសន្តិភាពក្នុងបរិបទ “កិច្ចព្រមព្រៀងសម្រាប់អនាគត”។

សូមជម្រាបជូនថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ទិត្យារុណ អគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចប្រជុំរវាងអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយរដ្ឋសមាជិកស្តីពីស្ថានភាព និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ មុនពេលកិច្ចប្រជុំស្តីពីការរក្សាសន្តិភាពថ្នាក់រដ្ឋមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីប៊ែឡាំង ប្រទេសអាល្លឺម៉ង់មកដល់ ដោយក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ទិត្យារុណបានលើកឡើងពីការចូលរួមដ៏មានអត្ថន័យរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលមកទល់នឹងពេលនេះ កម្ពុជាបានដាក់ពង្រាយកងរក្សាសន្តិភាពជាង ៩.០០០នាក់ ទៅកាន់បេសកកម្មនានារបស់អង្គការសហប្រជាជាតិ ដោយបម្រើក្នុងវិស័យសំខាន់ៗដូចជា វិស្វកម្ម ជំនួយផ្នែកវេជ្ជសាស្រ្ត ការកម្ទេចចោលអាវុធជាតិផ្ទុះ និងសមត្ថភាពជំនាញផ្សេងៗទៀត ដោយបានបញ្ជាក់អំពីទស្សនៈរបស់កម្ពុជាលើការរក្សាសន្តិភាពថា ជាមូលដ្ឋានគ្រឹះនៃពហុភាគីនិយម និងជាឧបករណ៍ដ៏សំខាន់សម្រាប់ជំរុញការផ្សះផ្សាជាតិ ការកសាងសង្គមក្រោយជម្លោះ និងការរក្សាសន្តិភាពយូរអង្វែង៕

ដោយ៖ ចាន់ សុភឿន





