អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តគិរីជុំចំការខ្នុរ
AKPបន្ទាយមានជ័យថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥--អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ បានរៀបចំពិធីបុណ្យវិសាខបូជាប្រកបដោយសិរីមង្គល វត្តគិរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ពិធីបុណ្យដ៏សំខាន់នេះប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់ទិសទី។

បុណ្យវិសាខបូជាត្រូវបានចាត់ទុកជាពិធីបុណ្យសាសនាដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះរំឭកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យចំនួនបីរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺ ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត, ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និង ថ្ងៃដែលព្រះអង្គបានចូលបរិនិព្វាន។ អ្វីដែលកាន់តែពិសេសទៀតនោះ ព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងចំថ្ងៃ ១៥កើត ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

មិនត្រឹមតែជាបុណ្យដ៏សំខាន់សម្រាប់ពុទ្ធសាសនិកប៉ុណ្ណោះទេ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ជាផ្លូវការនូវ «វិសាខបូជា» ជា ទិវាបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកអង្គការសហប្រជាជាតិ និងសាធារណជនទូទាំងពិភពលោកអាចប្រារព្ធធ្វើបាន ដើម្បីឧទ្ទិសដល់តម្លៃនៃសន្តិភាព សេចក្តីមេត្តាករុណា និងការយល់ចិត្តគ្នា ដែលជាបេះដូងនៃ ព្រះពុទ្ធ។

ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជានៅខេត្តបន្ទាយមានជ័យនេះដែរ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃបុណ្យវិសាខបូជាក្នុងការលើកកម្ពស់គុណតម្លៃសីលធម៌ និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ លោកបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ មិនត្រឹមតែជាការប្រារព្ធពិធីតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អសម្រាប់ពុទ្ធបរិស័ទទាំងអស់ ធ្វើការរំឭក និងអនុវត្តតាមនូវគោលការណ៍នៃការអប់រំរបស់ព្រះពុទ្ធ ជាពិសេសគឺការលះបង់អំពើអាក្រក់ ការធ្វើអំពើល្អ និងការរក្សាចិត្តឱ្យបានស្ងប់។

ស្របពេលជាមួយគ្នានោះ លោក បៀវ ថាយ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំពីការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យវិសាខបូជានៅឆ្នាំនេះ។ លោកបានគូសបញ្ជាក់ថា ការរួបរួមគ្នាក្នុងការប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាព និងការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។

ពិធីបុណ្យវិសាខបូជានៅវត្តគិរីជុំចំការខ្នុរ បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងពោរពេញដោយជំនឿសទ្ធា។ ពុទ្ធបរិស័ទបានចូលរួមក្នុងកម្មវិធីនានា រួមមាន ការប្រគេនទាន ការស្តាប់ធម៌ទេសនា ការបូជាផ្កាភ្ញី និងគ្រឿងសក្ការៈផ្សេងៗ ដើម្បីឧទ្ទិសកុសលដល់ព្រះរតនត្រ័យ និងបុព្វការីជន។ ពិធីបុណ្យនេះបានបញ្ចប់ទៅដោយភាពជោគជ័យ និងបានបន្សល់ទុកនូវក្តីរំភើបរីករាយ និងសុខសន្តិភាពក្នុងចិត្តរបស់អស់អ្នកដែលបានចូលរួម៕
ដោយ៖ ឈុនសារ៉ាត





