លោកសួត៌ ប៊ុនធង÷ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងដែលសំខាន់បំផុតនិងមានតម្លៃមិនអាចកាត់ថ្លៃបាន
AKPកំពង់ធំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥-- លោក សួគ៌ ប៊ុនធងអភិបាលរងស្រុកអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងបានលើកឡើងថាការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតនិងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងឱកាសដែលលោកនិងសហការីអញ្ជើញចូលរួមរំលែកមរណៈទុក្ខ ជាមួយគ្រួសារនៃសពលោក ឈាវ បូរិន្ទ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥។

លោកឈាវ បូរិន្ទបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងនិងសមាជិកទាំងអស់ក្នុងស្រុកស្ទោងលោក សួគ៌ ប៊ុនធង បានសំដែងនូវសមានចិត្តដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារនៃសពដែលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ មិនអាចវិលជួបជុំគ្នាបានទៀតឡើយ។

លោកសួត៌ ប៊ុនធង បានកោតសរសើរយ៉ាងក្រៃលែងចំពោះលោកឈាវ បូរិន្ទដែលជាយុវជនមួយរូបប្រកបដោយឧត្តមគតិស្នេហាជាតិ និងមានការលះបង់កម្លាំងញើសឈាម និងចំណាយពេលវេលាជាច្រើនក្នុងសកម្មភាពមនុស្សធម៌តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាកន្លងមក គួរឱ្យកោតសរសើរ។

សូមបញ្ជាក់ថាលោកសួត៌ ប៊ុនធង និងសហការីបាននាំយកនូវថវិកាចំនួន៣០ម៉ឺនរៀលនិងអង្ករ៥០គីឡូក្រាម ដើម្បីចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារនៃសពលោកឈាវ បូរិន្ទ ដែលជាការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ឃុំប្រឡាយ ឃុំកំពង់ចិនជើងនិងឃុំចំណាលើ៕
ដោយ៖ ស៊ុម វណ្ណា





