វត្តដំណាក់ក្រុងសៀមរាប រៀបចំដង្ហែក្បួនបុណ្យវិសាខបូជា ដែលមានអ្នកចូលរួមរាប់ពាន់នាក់
AKP សៀមរាប ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥–វត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក.ព.ស.២៥៦៨ ត្រូវថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំដង្ហែក្បួនបុណ្យវិសាខបូជា ដែលជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំឭកដល់ព្រះពុទ្ធបរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។



ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ បានមានសង្ឃដីកាថា ពិធីបុណ្យវិសាខបូជាប្រារព្ឋឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកនូវបុព្វហេតុអស្ចារ្យ៣ប្រការរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង។បុណ្យនេះត្រូវបានចាត់ទុកជាបុណ្យសំខាន់ជាងគេក្នុងព្រះពុទ្ឋសាសនានិងទទួលស្គាល់ដោយអង្គការសហប្រជាជាតិកាលពីនៅថ្ងៃ១៥ខែធ្នូឆ្នាំ១៩៩៩ ដោយទទួលស្គាល់និងចាត់ទុកបុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិដោយឈរលើហេតុពីរយ៉ាងគឺព្រះពុទ្ឋសាសនាកើតមុនសាសនាដទៃដោយមានភាពច្បាស់លាស់ទាំងពាក្យប្រៀនប្រដៅនិងពេលវេលាសំខាន់មួយទៀតគឺធម៌អហឹង្សាមិនឱ្យមនុស្សបៀតបៀនគ្នា និងបង្ហាញពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាង២៥០០ឆ្នាំមក ហើយនិងកំពុងបន្តនូវឥទ្ធិពល ក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិ តទៅទៀត ។លើសពីនេះពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់ នៅថ្ងៃ១រោចខែពិសាខតទៅផងដែរ។


ព្រះតេជគុណបន្តថា ជារៀងរាល់ឆ្នាំវត្តដំណាក់មិនដែលខកខានទេក្នុងការរៀបចំដង្ហែក្បួនបុណ្យវិសាខបូជាទៅតាមដងផ្លូវសំខាន់ៗក្នុងកករុងសៀមរាបនេះ ហើយសម្រាប់ឆ្នាំនេះក៏មានព្រះសង្ឃពុទ្ធបរិស័ទរាប់ពាន់នាក់បានចូលរួមដង្ហែក្បួនផងដែរ៕
ដោយ៖ ឃុត សៅ





