រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីបុណ្យពិសាខបូជា នៅវត្តឥន្ទញ្ញាណ វត្តក្រោម
AKP ព្រះសីហនុ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥– ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបុណ្យពិសាខបូជានៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀតនៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរព រំឭកនឹកដល់ព្រឹត្តិ ការណ៍ធំៗចំនួនបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលជាថ្ងៃព្រះ អង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីខាងលើនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ ហើយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការ សហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក ។ ការប្រតិបត្តិព្រះពុទ្ធសាសនា ជាសាសនាសន្តិភាព ដូច្នេះយើងទាំងអស់គ្នាជួយជ្រោម ជ្រែងឪ្យមានភាពរីកចម្រើនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធពេញលេញខាងជំនឿសាសនា ។


សូមបញ្ជាក់ដែរថា ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងមកដែរ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបុណ្យវិសាខបូជានៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តឥន្ទញ្ញាណ (វត្តក្រោម) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ និងពុទ្ធបរិ ស័ទយ៉ាងច្រើន ដើម្បីអបអរពិធីបុណ្យពិសាខបូជា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ៕


ដោយ៖ ងូ សុមុនី





