ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០ % ហើយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥-- គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០%ហើយ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន១០៧ដើម ក្នុងចំណោម១៥៦ដើម សាងសង់ជើងតាងបាន ៦ជើងតាង ក្នុងចំណោម ២០ជើងតាង និងធ្នឹមភ្ជាប់ក្រោមបានចំនួន៨ធ្នឹម ក្នុងចំណោម១២ធ្នឹម និង២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន៦តួសសរ ក្នុងចំណោម១២តួសសរ សាងសង់សសរស្ពានបាន១៦សសរស្ពាន ក្នុងចំណោម៥២សសរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានបាន១០ធ្នឹម ក្នុងចំណោម៣៤ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។


រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន១៣ខែហើយ ស្មើនឹង៣១% នៃផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកនោះទេ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)





