រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំបុណ្យវិសាខបូជា នៅវត្តមុនីរង្សីរតនារាម (វត្តម្រុំជើង) ក្រុងច្បារមន
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបុណ្យវិសាខបូជា ដែលរៀបចំឡើងនៅវត្តមុនីរង្សីរតនារាម ហៅវត្តម្រុំជើង នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ នាក់ផងដែរ។


ឯកឧត្តម ជាវ វិជ្ជាក់ បានមានប្រសាសន៍ថា ពិធីបុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏ធំមួយ ដែលបានប្រារព្ធធ្វើឡើង ដើម្បីគោរពរំឭកនឹកគុណដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺចំថ្ងៃ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។


ឯកឧត្តមបានបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ទី១៖ ព្រះអង្គទ្រង់ប្រសូត្រ ២៖ ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣៖ ព្រះអង្គទ្រង់ចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៣នេះបានកើតឡើងចំថ្ងៃពេញបូណ៌មី ខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ដោយមើលឃើញពីភាពអស្ចារ្យ និងមើលឃើញពីទ្រឹស្តី ដែលមានសុខសន្តិភាពបែបអហិង្សានៅក្នុងព្រះពុទ្ធសាសនានេះហើយ ទើបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានកំណត់ថ្ងៃនេះជាថ្ងៃបុណ្យអន្តរជាតិអនុញ្ញាតឱ្យមានការឈប់សម្រាកទូទាំងពិភពលោក ហើយអ្វីដែលពិសេសបំផុតនោះ គឺអង្គការសហប្រជាជាតិ តែងតែប្រារព្ធពិធីនេះនៅទីស្នាក់ការរបស់ខ្លួនជារៀងរាល់ឆ្នាំ និងនៅតាមបណ្តាប្រទេសនានាដែលមានប្រជាជនកាន់ព្រះពុទ្ធសាសនា ក៏បានប្រារព្ធធ្វើពិធីសាសនាប្រហាក់ប្រហែលនេះផងដែរ៕

ដោយ លឹម សាន្ត





