ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រញូវស្តារ ស៊ូខូអិលធីឌី ក្នុងឪកាសខួបអនុស្សាវរីយលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា
AKP ព្រះសីហនុ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥-- មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន ញូវស្តារ ស៊ូខូអិលធីឌី បានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីកម្មករ និយោជិតចំនួន ១ ២៨៦នាក់ នារសៀលថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ខេត្តព្រះសីហនុ បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់" ដែលចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបណ្តុះបណ្តាលវិជ្ជាជីវ: បណ្តុះបណ្តាលការងារ និងបំណិនជីវិត សំដៅប្រែក្លាយជាចលនាជាតិមួយ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករ និយោជិត និងនិយោជក ចូលរួមអនុវត្តដោយបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហ គ្រាស។ ឆ្នាំ២០២៥ គឺជាឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន៦ និងវិធានការគន្លឹះ ចំនួន៥ សំដៅធានានូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងកំណែទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទីវាពលកម្មអន្តរជាតិ ១ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដោយបានធ្វើការក្រើនរម្លឹកនូវការអនុវត្តលក្ខខណ្ឌការងារ សិទ្ធិសេរីភាពរបស់និយោជិក កម្មករ និយោជិតដែលមាននៅក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។


ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងដៃគូរពាក់ព័ន្ធនានា ខិតខំសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរជាទីមោទក ក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយជោគជ័យ ក្នុងការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងមក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក កម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបម្រើការងារនៅក្រៅប្រព័ន្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបងប្អូនដែលពីមុនមិនមានរបបសោធននិវត្តន៍ និងរបបសន្តិសុខសង្គម (ប.ស.ស.) ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍នៅ ពេលចាស់មានប្រាក់កាន់តែច្រើន បងប្អូននឹងទទួលបានអត្ថប្រយោជន៍ពាក់ព័ន្ធតាមច្បាប់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម របបសោធននិវត្តបើបងប្អូនកម្មករ និយោជិតមានជំងឺអាចទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យតាមរយៈប័ណ្ណ (ប.ស.ស) ក្នុងនោះរាជរដ្ឋាភិបាលបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ដើម្បីជួយលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់រាងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារឱ្យកាន់តែល្អបន្ថែមទៀត។


ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករ និយោជិតត្រូវយល់ថា រោងចក្រគឺជាកន្លែងប្រភពចំណូលផ្គតផ្គង់គ្រួសារមានភាពល្អប្រសើរ មានសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ដូច្នេះសូមបងប្អូនកម្មករ និយោជិតទាំងអស់ត្រូវរៀបចំធ្វើសៀវភៅការងារឱ្យបានគ្រប់គ្នា ព្រោះសៀវភៅការងារនេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់បងប្អូនគ្រប់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកម្មករ និយោជិតចំនួន ១ ២៨៦នាក់ ស្រី ១ ០៦២នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ក្នុងនោះស្រ្តីមានផ្ទៃពោះចំនួន៤៥នាក់៕
ដោយ ងូ សុមុនី





