ខ្សែរ៉កឧទ្យាដងព្រែកខេត្តកំពតទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនក្នុងចុងសប្តាហ៍នេះ
AKP កំពត ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥-- ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទាំងចាស់ក្មេង កំពុងជាប់ចិត្តនឹងទេសភាព ម្ហូបអាហារ និងការជិះខ្សែរ៉កកម្សាន្ត នៅឧទ្យានដងព្រែក ស្ថិតនៅភូមិបត់ក្បាលដំរី ឃុំស្នំប្រាំពី ស្រុកទឹកឈូ ខេត្តកំពត។ ពូកគាត់បានបង្ហាញចំណាប់អារម្មណ៍ថា ខេត្តកំពតពិតជាមានកន្លែងដើរលេង លម្ហែច្រើន ពិសេសពួកគាត់បានមកជិះខ្សែរ៉ក ធ្វើឱ្យមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។

ភ្ញៀវទេសចរទាំងចាស់ក្មេង ដែលបានមកដើរកម្សាន្តនៅឧទ្យាដងព្រែកខេត្តកំពត នាចុងសប្តាហ៍នេះ បានលើកឡើងថា ខេត្តកំពតពីមួយឆ្នាំទៅមួយឆ្នាំប្លែករហូត ហើយកន្លែងដើរលេងក៏បានចំកាន់តែល្អ និងទាក់ទាញភ្ញៀវ ពិសេសខ្សែរ៉កឧទ្យាដងព្រែកនេះ បច្ចុប្បន្នមានការរៀបចំបានល្អ ហើយមានសុវត្ថិភាពខ្ពស់ជាងមុន ធ្វើឱ្យអ្នកជិះ មិនចេះធុញទ្រាន់នោះទេ។


លោក ឈូក ថា អ្នកគ្រប់គ្រង់អាហារដ្ឋានខ្សែរ៉ក បានប្រាប់ឱ្យដឹងថា កន្លែងលោកទើបបានដាក់ឲ្យដំណើរការទទួលភ្ញៀវបាន១សប្តាហ៍ប៉ុណ្ណោះ។ ហើយរយៈពេល២ថ្ងៃនៃភ្ញៀវទេសចរមកលេងច្រើន ទោះបីកន្លែងនេះទើបបើកថ្មីក៏ដោយ។ លោកបានបញ្ជាក់ដែរថា លោកនឹងខិតខំកែច្នៃរៀបចំកន្លែងនេះឱ្យកាន់តែទាក់ទាញភ្ញៀវកាន់តែខ្លាំង ដើម្បីឆ្លើយតបតាមការចង់បានរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលឯកឧត្តមតែងតែជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យពង្រឹងសេវាកម្មរបស់ខ្លួន។


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ថា ខ្សែរ៉កឧទ្យានដងព្រែកជាចំណែកមួយសំខាន់ក្នុងបំពេញសម្បទាទេសចរណ៍ឱ្យសម្បូរបែប ពិសេសជួយលម្អដល់ដងព្រែក ធ្វើឱ្យព្រែកមានសកម្មភាពកម្សាន្តទាំងលើទឹក និងនៅលើអាកាស។ កន្លងមកខ្សែរ៉កចាស់ត្រូវបានបិទ ហើយខ្សែរ៉កថ្មីនេះរៀបចំបានស្អាត និងមានសុវត្ថិភាពល្អជាងមុន ហើយលោកក៏បានចាត់មន្ត្រីជំនាញឱ្យចុះទៅពិនិត្យជាប្រចាំ ដើម្បីធានាថា ការផ្តល់សេវាមានភាពល្អប្រសើរ និងអាចធានាសុវត្ថិភាព ដល់ទេសចរជាតិ និងអន្តរជាតិ៕
ដោយ ប្រាក់ លាង





