ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមក្នុងកម្មវិធីទិវាអឺរ៉ុប ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥–ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាអឺរ៉ុប ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅស្ថានប្រតិភូសហភាពអឺរ៉ុប ក្រោមការចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទិវាអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីអបអរសារទរសន្តិភាព សុវត្ថិភាព និងការរួបរួមគ្នានៅអឺរ៉ុប ហើយការប្រារព្ធខួបទិវាអឺរ៉ុប ឆ្នាំ២០២៥នេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យផងដែរ។


ក្នុងឱកាសនេះ ឯកឧត្តម Lgor DRIESMANS បានរំលឹកពីសេចក្តីថ្លែងការណ៍របស់លោក Robert Schuman ដែលជាកម្លាំងចលករនៃការបង្រួបបង្រួមទ្វីបអឺរ៉ុប។ ក្នុងបរិបទពិភពលោកដែលកំពុងប្រែប្រួល ឯកឧត្តមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះតម្លៃជាសកល ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត រួមទាំងកម្មវិធីថ្មីៗដែលផ្តោតលើវិស័យសំខាន់ៗជាច្រើនដូចជាវិស័យអប់រំផងដែរ។ បន្ថែមលើនេះ ឯកឧត្តម បានគូសបញ្ជាក់ពីទំនាក់ទំនងយូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីថ្មីៗ ការផ្តល់នូវការអនុគ្រោះពន្ធ និងការទាក់ទាញវិនិយោគពីអឺរ៉ុប ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងអធិបតេយ្យភាពនៃគ្រប់ប្រទេសទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន និងធ្វើការរួមគ្នាដើម្បីភាពរុងរឿង និងសន្តិសុខរបស់ប្រជាជនទាំងពីរ។


មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាអឺរ៉ុប ដោយទិវានេះបានចង្អុលបង្ហាញពីសារៈសំខាន់នៃការសហការ ភាពរួបរួម និងសន្តិភាព ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងការកសាងអឺរ៉ុបក្រោយសង្គ្រាម។ ជាមួយនេះដែរ ឯកឧត្តម បានគូសបញ្ជាក់ពីចំណងមិត្តភាពដ៏យូរអង្វែង និងពង្រឹងឥតឈប់ឈររវាងកម្ពុជា និងសហភាពអឺរ៉ុប ដោយកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក ដែលជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងការជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី Erasmus Plus និងGlobal Gateway របស់សហភាពអឺរ៉ុប ដែលរួមចំណែកដល់ការផ្លាស់ប្តូរចំណេះដឹង ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសការគាំទ្រដល់ "Transforming Technical Education EU-Cambodia Partnership 2024-2027" ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងការអប់រំ និងការអប់រំ STEM ជាដើម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





