ឯកឧត្តម អាន ពេជ្រហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃលេខាធិការដ្ឋានគ្រប់គ្រងធនធានខ្សាច់
AKPភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ --
ឯកឧត្តម បណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃលេខាធិការដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងការបែងចែកការទទួលបន្ទុករបស់ថ្នាក់ដឹកនាំ និងការទទួលខុសត្រូវតាមផ្នែកនានាដែលចំណុះឱ្យលេខាធិការដ្ឋាន នៃគណៈកម្មធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។


ឯកឧត្តមរដ្ឋលេខាធិការប្រធានលេខាធិការដ្ឋានបានលើកឡើងនៅកិច្ចប្រជុំថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥
បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានសម្រេចលើរបៀបវារៈមួយចំនួនដូចជា៖
១-ការប្រកាសសមាសភាពថ្នាក់ដឹកនាំ និងសមាជិកចំណុះនៃលេខាធិការដ្ឋាន
២-ការពិនិត្យ និងពិភាក្សាលើទិដ្ឋភាពទូទៅពីតួនាទីភារកិច្ចទទួលខុសត្រូវ និងកិច្ចដំណើរការរបស់លេខាធិការដ្ឋាន និង
៣-ពិនិត្យ និងពិភាក្សាលើការបែងចែកការទទួលបន្ទុករស់ថ្នាក់ដឹកនាំ និងការទទួលខុសត្រូវតាមផ្នែកនានាចំណុះឱ្យលេខាធិការដ្ឋាន នៃគណៈកម្មធិការគ្រប់គ្រងធនធានខ្សាច់។


ឯកឧត្តម បានគូសបញ្ជាក់ឱ្យដឹងថាជាលទ្ធផលនៃ កិច្ចប្រជុំបានពិភាក្សា និងទទួលបាននូវមតិយោបល់ដែលជាធាតុចូលសំខាន់ៗ សម្រាប់រៀបចំផែនការសកម្មភាព ផែនការហិរញ្ញវត្ថុ ផែនការគ្រប់គ្រង និងជំហានបន្ទាប់សម្រាប់លេខាធិការដ្ឋានត្រូវអនុវត្តបន្ត ដើម្បីឱ្យកិច្ចដំណើរការរបស់លេខាធិការដ្ឋាន ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





