សាច់គោក្នុងស្រុកនៅបាត់ដំបងលក់មិនដាច់ក្រោយពីផ្ទុះជំងឺឈាមខ្មៅនៅថៃ
AKP ខេត្តបាត់ដំបង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥--
ក្រុមអាជីវករលក់សាច់គោ នៅផ្សារបឹងឈូកក្រុងបាត់ដំបត្អូញត្អែរថាប៉ុន្មាននៅក្នុងកំឡុងប៉ុន្មានថ្ងៃនេះ ពួកគាត់លក់មិនសូវដាច់ដូចមុនដោយពលរដ្ឋមួយចំនួនខ្លាចរអាមិនហ៊ានទិញទៅបរិភោគបន្ទាប់ពីល្បីអំពីការផ្ទុះជម្ងឺឈាមខ្មៅ ឬជម្ងឺអង់ត្រាក់លើសត្វគោ ក្របីនៅខេត្តមួយចំនួនក្បែរព្រំដែនថៃកន្លងមក។
ក្រសួងកសិកម្មបានធ្វើការប្រកាសកាលពីថ្ងៃទី០៦ខែឧសភាថា សត្វគោក្របីនៅកម្ពុជាមិនមានឆ្លងជំងឺឈាមខ្មៅឬជម្ងឺអង់ត្រាក់មកពីប្រទេសនោះទេ ចំណែកមន្រ្តីក ប ប ថាផលិតផលសាច់គោ ក្របីក្នុងស្រុកអាចទទួលទានបានមិនមានបញ្ហាប៉ះពាកសុខភាពនោះឡើយ តែទោះជាយ៉ាងដូច្នេះក្តីពលរដ្ឋជាច្រើននៅតែខ្លាចរអារហូតមកដល់ថ្ងៃទី១០ខែឧសភាឆ្នាំ១០២៥នេះអាជីវករនៅតែលក់មិនដាច់ដដែល។
អ្នកស្រីសុន រីតា វ័យជាង៥០ឆ្នាំ ជាអាជីវករលក់សាច់ គោ នៅផ្សារបឹងឈូក បានលើកឡើងថា ឥឡូវនេះស្ងាត់អតិថិជនមកទិញសាច់គោ ចាប់តាំងពីល្បីជម្ងឺឈាមខ្មៅនៅថៃនោះមក ដោយអតិថិជននៅតែខ្លាច។ អាជីវកររូបនេះបានបន្ដថា កាលពីមុន មួយថ្ងៃលក់អស់២០០គីឡូក្រាម ឥឡូវថយចុះនៅសល់ត្រឹមតែ៨០គីឡូក្រាម ។ សម្រាប់សាច់គោ នេះ អ្នកស្រីទិញផ្ទាល់នៅទីសត្តឃាតខេត្តបាត់ដំបង ដោយមានពេទ្យសត្វត្រួតពិនិត្យត្រឹមត្រូវមុននឹងយកមកដាក់លក់លើទីផ្សារ ។
អ្នកស្រី ថង សែង អាយុ ៤៨ឆ្នាំ អាជីវករលក់សាច់គោនៅបឹងឈូកក្រុងបាត់ដំបងបានប្រាប់ឱ្យដឹងថា អតិថិជនថយចុះជាងមុន ក្នុងការទទួលទានសាច់គោ តាំងពីល្បីផ្ទុះជម្ងឺឈាមខ្មៅនៅថៃនោះមក ។ អ្នកស្រីបានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភខ្លាចអី មុននិងគេយកមកលក់លើទីផ្សារ បានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីពេទ្យសត្វ រួចរាល់ហើយ។ សាច់គោនេះមិនមាននាំចូលមកពីក្រៅប្រទេសនោះទេ ក្រុមអាជីវករយកមកលក់ជាប្រភេទគោស្រែក្នុងស្រុក។ អ្នកស្រីសូមសំណូមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់ឱ្យបាន ចំពោះការនាំចូលពាហនៈសាច់គោក្របី និងផលិតផលសាច់សត្វពីក្រៅប្រទេស ដើម្បីបង្ការជម្ងឺឆ្លងនានា និងធ្វើឱ្យផលិតផលក្នុងស្រុកបាត់ទីផ្សារ ។


ទាក់ទងបញ្ហាខាងលើនេះ លោក គឹម ប្រុស ប្រធានសាខា ក ប ប ខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ថា បន្ទាប់ពីមានករណីផ្ទុះជម្ងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ(គោ-ក្របី)នៅខេត្តជាច្រើនរបស់ប្រទេសថៃនោះមក មន្ត្រីសាខា កបប បាត់ដំបងបានចុះត្រួតពិនិត្យសាច់គោ សាច់ក្របី សាច់ជ្រូកជាផលិតផលក្នុងស្រុក នៅតាមបណ្ដាផ្សារមួយចំនួនក្នុងបាត់ដំបង យើងរកមិនទាន់ឃើញ មានបញ្ហាអ្វីចោទនៅឡើយទេ។
លោក គឹម ប្រុស សូមឱ្យប្រជាពលរដ្ឋនិងអតិថិជនទាំងអស់ មុននិងទិញត្រូវសួរប្រភពសាច់មកពីណាឱ្យបានច្បាស់លាស់ ត្រូវប្រុងប្រយ័ត្នទាំងអ្នកទិញនិងអ្នកលក់ផងដែរ។
លោកបានបន្ដថា ចំពោះអាជីវករមួយចំនួនត្អូញត្អែរ លើកឡើងពីការលក់សាច់គោ-ជ្រូកសាច់ក្របីមិនសូវដាច់ដូចមុននោះ វាជារឿងធម្មតាទេ ពេលណាល្បីផ្ទុះកើតមានជម្ងឺឈាមខ្មៅឬជម្ងឺអង់ត្រាក់លើសត្វគោ ក្របីនៅប្រទេសថៃដែលជាប់នឹងខេត្តបាត់ដំបងហើយនោះ ប្រជាពលរដ្ឋឬអតិថិជនចេះតែមានការខ្លាចរអាចឹងហើយក្នុងទិញសាច់យកទៅទទួលទាន ។

សូមបញ្ជាក់កាលពីពេលថ្មី ៗកន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមញ្ញនិងនេសាទប្រទេសកម្ពុជាបានសម្រេច ធ្វើការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ចូលមកកម្ពុជា បន្ទាប់ពីប្រទេសថៃផ្ទុះជំងឺ ឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ(គោ-ក្របី) ។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថាក្រោយពីទទួលបានការណែនាំ លោកបានចាត់មន្រ្តីជំនាញ សហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការឃ្លាំមើល ក្រែងមានការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វចូលតាមច្រកព្រំដែនមកទឹកដីខេត្តបាត់ដំបង។
ក្រសួងកសិកម្មបញ្ជាក់ថាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការរអន្តរាគមន៍ក្នុងករណីរសង្ស័យ។ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់ ៕
ដោយ៖ សុផល





