លោក លី សុវណ្ណារិទ្ធ ក្រើនរំលឹកសិស្សានុសិស្សឱ្យខិតខំសិក្សា និងចៀសវាងគ្រឿងញៀន ដើម្បីអនាគតភ្លឺស្វាង
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៥–ក្នុងឱកាសដ៏សំខាន់នៃការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៥ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានឆ្លៀតឱកាសដ៏មានតម្លៃនេះ ធ្វើការក្រើនរំលឹកយ៉ាងទទូចដល់សិស្សានុសិស្សទាំងអស់ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ការខិតខំសិក្សាគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការបើកទ្វារឆ្ពោះទៅរកភាពជោគជ័យ និងអនាគតដ៏ត្រចះត្រចង់។ លោកបានលើកទឹកចិត្តសិស្សានុសិស្សឱ្យតាំងចិត្តរៀនសូត្រដោយមិនបោះបង់ នូវរាល់ឧបសគ្គដែលកើតមាន ហើយត្រូវចេះស្វែងរកចំណេះដឹងថ្មីៗឥតឈប់ឈរ។


ទន្ទឹមនឹងការលើកទឹកចិត្តឱ្យខិតខំសិក្សា លោក លី សុវណ្ណារិទ្ធ ក៏បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រឿងញៀន ដែលកំពុងរាតត្បាតក្នុងសង្គម ហើយបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។ លោកបានពន្យល់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
ការថ្លែងក្រើនរំលឹកនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដែលជាការគាំទ្រដ៏សំខាន់ពីអង្គការទស្សនពិភពលោកអន្តរជាតិ។


នៅក្នុងឱកាសនោះដែរ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទស្សនពិភពលោកអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ថា សមិទ្ធផលថ្មីៗទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនសូត្រ សម្រាប់សិស្សានុសិស្សក្នុងស្រុកព្រះនេត្រព្រះ។
លោកស្រី ងួន សោភ័ណ្ឌ ប្រធានភូមិភាគប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ នៃអង្គការទស្សនពិភពលោកអន្តរជាតិ ក៏បានថ្លែងពីការប្តេជ្ញាចិត្តរបស់អង្គការក្នុងការបន្តគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។


ពិធីដ៏ឱឡារិកនេះ ក៏មានការចូលរួមពីសំណាក់ អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ការិយាល័យជំនាញចំណុះឱ្យរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដែលបានបង្ហាញនូវការសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីៗក្នុងវិស័យអប់រំនេះ៕
ដោយ៖ ឈុន សារ៉ាត





