លោកព្រឹម រដ្ឋា៖ មន្ត្រីរាជការត្រូវបង្កើនសមត្ថភាពនិងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំ
AKP កំពង់ធំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥--លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានជុំវិញដល់មន្ត្រីរាជការត្រូវបង្កើនសមត្ថភាពនិងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកនិងនាយករដ្ឋបាលនៃរដ្ឋបាលស្រុកស្ទោងកាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។


លោកព្រឹម រដ្ឋាមានប្រសាសន៍ថាសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងគឺជាភាពចាំបាច់មួយទៀតដែលជួយឱ្យមន្ត្រីរាជការនិងស្ថាប័នអង្គភាពនានាជាពិសេសរដ្ឋបាលស្រុកស្ទោងរួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតួនាទីភារកិច្ចជាមន្ត្រីរាជការ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់នៅចំពោះមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះហើយត្រូវមានភាពស្មោះត្រង់ ម្ចាស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាព ចៀសសឱ្យផុតពី ការកេងប្រវ័ញ្ចអំពើពុករលួយ ដែលនាំឱ្យអាប់អោនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ន និងរាជរដ្ឋាភិបាលហើយនាំឱ្យប្រឈមនឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមានផងដែរ។


លោក កែវ សុភ័ក្រ្ត បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការ អនុវត្តតួនាទីភារកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងរាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងនិងជួយឱ្យអង្គភាពមានការរីកចម្រើន។
សូមបញ្ជាក់ថាលោក កែវ សុភ័ក្រ្ត ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកនិងលោក ហូ ហុង ជានាយករដ្ឋបាលនៃរដ្ឋបាលស្រុកស្ទោងខេត្តកំពង់ធំ៕
ដោយ៖ ស៊ុម វណ្ណា





