ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែមសម្រាប់ចែកជូនដល់មន្ទីរពេទ្យបង្អែកទាំង៣ក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែមចំនួន២៥០០ប្រអប់សម្រាប់ចែកជូនដល់មន្ទីរពេទ្យបង្អែកទាំង៣ក្នុងខេត្តកំពង់ធំ រួមមានមន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោងនិងមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុកកាលពីរសៀលថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

ក្នងឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ សហការជាមួយមន្ទីរពាក់ព័ន្ធ ចូលរួមចុះត្រួតពិនិត្យនៅគ្រប់សាលារៀនទាំងអស់ហាមមិនឱ្យមានការលក់ភេជ្ជៈផ្អែមជាដាច់ខាត ដើម្បីចូលរួមទប់ស្កាត់នៃការកកើតជំងឺផ្សេងៗដល់កុមារ ជាពិសេស ជំងឺទឹកនោមផ្អែម។សូមបន្តពង្រឹងគុណភាពនៃការបណ្តុះ-បណ្តាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ ការលើកកម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្រុមគ្រូពេទ្យ។ការបន្តកែលម្អសេវាសុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើងនិងធ្វើនិយ័តកម្មទាំងសេវាសាធារណៈនិងឯកជនឱ្យបានត្រឹមត្រូវ។
ឯកឧត្តមនួន ផារ័ត្នបានផ្តែផ្តាំដល់ក្រុមគ្រូពេទ្យទាំងអស់ សូមយកចិត្តទុកដាក់បន្ថែមក្នុងការពិនិត្យទៅលើលទ្ធភាពនិងបច្ចុប្បន្នភាពនៃតម្រូវការប្រើប្រាស់ឱសថព្យាបាល ស្របតាមមគ្គុទេសព្យាបាលប្រកបដោយប្រសិទ្ធិភាពនិងស័ក្តសិទ្ធភាពព្រមទាំងតាមដានស្តុកនិងគ្រប់គ្រងគុណភាពឱសថឱ្យបានត្រឹមត្រូវ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។


សូមបញ្ជាក់ថាឱសថព្យាបាលជំងឺទឹកនោមផ្អែមចំនួន២៥០០ប្រអប់នេះជាអំណោយរបស់ឯកឧត្តម សាស្រ្តាចារ្យ ស៊ុ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជាដែលក្នុងនោះ រួមមាន ប្រភេទថ្នាំGlimepiride 3mgចំនួន១០០០ប្រអប់ និងGlimepiride 2/500 ចំនួន ១៥០០ប្រអប់៕

ដោយ៖ ស៊ុម វណ្ណា





