កម្ពុជា និងប្រ៊ុយណេ ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានរវាងប្រទេសទាំងពីរ និងសហការរួមគ្នាដើម្បីលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥–ក្នុងនាមជាប្រធាន និងអនុប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី១៧ នៅប្រទេសព្រុយណេ ដារូស្សាឡាម ឯកឧត្តមឧត្តមសេនីយ៍ Pehin Datu Lailaraja Major General (R) Dato Paduka Seri Awang Haji Halbi Bin Haji Mohd Yussof រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិទី២ នៃប្រទេសព្រុយណេ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានជួបពិភាក្សាការងារដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានរវាងប្រទេសទាំងពីរ និងសហការរួមគ្នាដើម្បីលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមថ្មីៗឱ្យស្របតាមបរិបទនៃការវិវត្តបច្ចេកវិទ្យាទំនើបនិងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ញាសិប្បនិម្មិត។



ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរលើការរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។


ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងនាមជាអនុប្រធានក្នុងការសម្របសម្រួល និងគាំទ្រនូវរាល់គំនិតផ្តួចផ្តើមនានាដែលដាច់ចេញដោយប្រទេសព្រុយណេក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ឡុង ដេវីត





