ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនៅវត្តវរបព្វតារាម ហៅវត្តភ្នំព្រះ ខេត្តកំពង់ស្ពឺ
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិតកិត្តិសេដ្ឋា ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តវរបព្វតារាម ហៅវត្តភ្នំព្រះ ស្ថិតនៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីគណៈមហានិកាយ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារចុះជួយមូលដ្ឋាន មន្រ្តីរាជការបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៨៤៩ អង្គនិងនាក់។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បាននាំយកការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូនព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងលោកយាយលោកតា អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអ្នកខេត្តកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់ទាំងកម្លាំង កាយចិត្ត និងសម្ភារ ចូលរួមចាប់មគ្គផលកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីវត្តអារាមនេះ ក្នុងការជួយលើកម្ពស់វិស័យព្រពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិសេសការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅតាមទីជនបទដាច់ស្រយាល និងជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់ដ៏មានសក្តានុពលក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ។


សូមជម្រាបផងដែរថា វត្តវរបព្វតារាម ហៅវត្តភ្នំព្រះ មានអាយុកាល២០ឆ្នាំហើយ ដែលនៅឆ្នាំ២០០៥ បានបង្កើតត្រឹមជាអាស្រមប៉ុណ្ណោះ លុះដល់ឆ្នាំ២០១៨ ទើបបានក្លាយពីអាស្រម មកជា «វត្តវរបព្វតារាម ហៅវត្តភ្នំព្រះ» ដល់សព្វថ្ងៃនេះ។ សមិទ្ធផលក្នុងវត្តវរបព្វតារាម ហៅវត្តភ្នំព្រះ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារថ្មីទំហំ ទទឹង៣៦,១០ម៉ែត្រ បណ្តោយ៤៥,១០ម៉ែត្រ កម្ពស់២៥ម៉ែត្រ ព្រមទាំងសាលាធម្មសភា កុដិឈើ៤ខ្នង ប្រក់ក្បឿងក្បាច់ និងកុដិថ្ម៕

ដោយ លឹម សាន្ត





