អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយុវជនឲ្យចេះតាមដានព័ត៌មានពិតដើម្បីស្វែងយល់ពីស្ថានភាពសង្គមខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រុញយុវវ័យឲ្យរកព័ត៌មាន និងស្រាវជ្រាវពីប្រភពផ្សេងៗឱ្យបានច្បាស់លាស់ ដើម្បីទទួលបានដំណឹងពេញលេញ សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តត្រឹមត្រូវ ត្រួសត្រាយអនាគតខ្លួន និងជួយដល់ប្រទេសជាតិ។
តាមការស្រាវជ្រាវរបស់ក្រសួងព័ត៌មានបានបង្ហាញថា កម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប ដែលបានធានា សិទ្ធិនិងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា ប្រកបដោយមាតិកាព័ត៌មាន ចម្រុះច្រើនប្រភេទទៅតាមតម្រូវការរបស់មជ្ឈដ្ឋានផ្សេងៗ សម្រាប់តាមដាន និងទទួលព័ត៌មានប្រចាំថ្ងៃ។

ប្រការនេះ អនុញ្ញាតិឲ្យយុវជនមានក៏ដូចជាប្រជាជនទូទៅទទូលបានលំហរព័ត៌មានទូលំទូលាយនិងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្តលើអនាគតខ្លួននិងសង្គមជាតិ។ តួយ៉ាងក្នុងលំហឌីជីថល មាតិកាព័ត៌មាន មានទម្រង់ច្រើនយ៉ាង មិនថានយោបាយ សេដ្ឋកិច្ច សង្គម កម្សាន្តជាដើម។មនុស្សម្នាក់ៗមានលទ្ធភាពចែករំលែកព័ត៌មានទាំងនោះតាមចិត្ត ដែលបានបង្កជាបញ្ហាចម្បងមួយគឺការរីកសាយនៃដំណឹងមិនពិត។
ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តថា យុវជនជាតួអង្គស្នូលមួយក្នុងសង្គមដែលត្រូវចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលកំពុងចរាចរក្នុងសង្គមរបស់យើង ជាពិសេសលើបណ្តាញសង្គមខណៈការប្រើប្រាស់ និងការចែករំលែកព័ត៌មានតាមមធ្យោបាយទំនើបបែបឌីជីថលនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់។
បន្ថែមពីលើនេះឯកឧត្តមក៏ជម្រុញលើកទឹកចិត្តដល់យុវជនក្នុងវិស័យសារព័ត៌មាន ត្រូវចូលរួមផលិតមាតិកាព័ត៌មានប្រកបដោយគុណភាព ផ្តល់ចំណេះ ដល់ប្រជាជនយើងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជា។


ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា អ្នកសារព័ត៌មាន ដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ដើរតួនាទីដ៏សំខាន់ណាស់ក្នុងសង្គមឌីជីថល។ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ និងចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម។
ដោយឡែក លោក កែ មុនធិត សាស្រ្តាចារ្យនៃដេប៉ាត់ម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍បានលើកឡើងជុំវិញបញ្ហានេះថា ប្រសិនបើយុវជនចង់ក្លាយខ្លួនជាពលរដ្ឋដែលពោរពេញដោយសមត្ថភាព និងចេះធ្វើការសម្រេចចិត្តប្រកបដោយចំណេះដឹង គេគួរបង្កើតទម្លាប់តាមដាន និងអានព័ត៌មាន ជាពិសេសព័ត៌មានផលិតដោយអង្គភាពសារព័ត៌មានវិជ្ជាជីវៈ មានប្រភពច្បាស់លាស់ និងព័ត៌មានចេញពីស្ថាប័នផ្លូវការនានា។


នៅក្នុងការអាននោះទៀតសោទ គឺមិនមែនគ្រាន់តែអានចំណងជើង ដើម្បីគ្រាន់តែដឹង ហើយអូសទៅមុខទៀត នោះទេ ពោលគឺត្រូវអានសាច់រឿងនៅខាងក្នុងរបស់មាតិកាព័ត៌មាននីមួយៗ ដើម្បីឱ្យយល់សេចក្តីរបស់វា ទើបជាការទទួលបានព័ត៌មានពិតបានគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ អ្នកសារព័ត៌មាន ដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ដើរតួនាទីដ៏សំខាន់ណាស់ក្នុងសង្គមឌីជីថល។ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ និងចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម៕

ដោយ៖ ឡាច សុជាតា និស្សិតដេប៉ាតឺមង់ប្រព័ន្ធផ្សព្វផ្សាយ





