ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសាខាចែកជូនស្ត្រីកំពុងសម្រាកសម្រាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនស្ត្រីកំពុងសម្រាកឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សរុបចំនួន២៥នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាលជាមួយស្ត្រីកំពុងសម្រាកឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើការណែនាំដល់សាខាត្រូវយកចិត្តទុកដាក់ចំពោះប្អូនៗដែលចូលមកសម្រាក និងរៀបនឹងសម្រាល ដើម្បីជាការលើកទឹកចិត្តប្អូន និងសូមជូនពរឱ្យក្មួយៗទាំងអស់មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ ដែលនេះជាការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខាបានបញ្ជាក់ថា ចំពោះបងប្អូនមានបណ្ណក្រីក្រ ឬបណ្ណប.ស.ស និងបណ្ណហានីភ័យ បងប្អូនទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសនៅពេលមានផ្ទៃពោះ សម្រាល និងរហូតកូនអាយុ២ឆ្នាំ។ ចាប់ពីមានផ្ទៃពោះ ត្រូវមកពិនិត្យសុខភាពចំនួន៤ដង ក្នុងម្តងទទួលបានថវិកាចាប់ពី៤ម៉ឺន ដល់៨ម៉ឺនរៀល នៅពេលសម្រាលទទួលបានថវិកាពី៤០ ទៅ៨០ម៉ឺនរៀល និងក្រោយសម្រាល នឹងទៅពិនិត្យចំនួន៦ដងថែមទៀត ហើយការទៅពិនិត្យសុខភាព ក៏ទទួលថវិការបស់រាជរដ្ឋាភិបាល។ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ ដើម្បីឱ្យកូនក្មួយរបស់យើងដែលបានកើតមកមានសុខភាពល្អ កាយសម្បទារឹងមាំ នៅពេលដែលពួកគាត់ធំឡើងបានសិក្សារៀនសូត្រមានការងារធ្វើ មិនចង់ឱ្យក្មួយដែលកើតមកមានពិការភាពពីកំណើតនោះទេ ប្រសិនបើមានពិការ ភាពពីកំណើតដែលជាបន្ទុករបស់ក្រុមគ្រួសារ ក៏ដូចជាបន្ទុករបស់រាជរដ្ឋាភិបាលផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចង់ឱ្យក្មួយៗដែលកើតមកមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ព្រោះក្មួយជាទំពាំស្នងឫស្សីក្នុងការចូលរួមចំណែកដឹកនាំប្រទេសជាតិ ព្រោះក្មួយអាចមានវាសនាធ្វើជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងថ្នាក់ដឹកនាំប្រទេសផងដែរ ស្របតាមលទ្ធភាពដែលក្មួយមាន ព្រោះការងារវាអាស្រ័យទៅនឹងសមត្ថភាពរស់នៅក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ។

បន្ទាប់មកឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក៏បាននាំយកអំណោយរបស់សាខាចែកជូនស្រ្តីកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ២៥នាក់ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីតកូនក្មេងមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀល៕
ដោយ ងូ សុមុនី





